យោងតាមការចុះផ្សាយពីប្រភពបរទេស ការឈានចូលវ័យ ៣០ ឆ្នាំ ជាចំណុចរបត់សំខាន់ដែលស្ត្រីគ្រប់រូបត្រូវតាមដានសុខភាពឆ្អឹងឱ្យបានដិតដល់បំផុត ព្រោះរោគសញ្ញាដូចជាការឮសំឡេងប្រេះៗនៅជង្គង់ពេលក្រោកឈរ អារម្មណ៍រឹងសន្លាក់នៅពេលព្រឹក ភាពបត់បែនរាងកាយចុះថយ ឬការឈឺចាក់ៗពេលយួររបស់ធ្ងន់ សុទ្ធតែជាសញ្ញាអាសន្នដែលរាងកាយកំពុងប្រាប់ថាឆ្អឹង និងសន្លាក់របស់អ្នកចាប់ផ្តើមចុះខ្សោយហើយ។
ដើម្បីស្តារកម្លាំងឆ្អឹងឱ្យរឹងមាំឡើងវិញ អ្នកអាចអនុវត្តលំហាត់ប្រាណងាយៗចំនួន ៥ នៅផ្ទះ រួមមានការធ្វើ Squat ដើម្បីពង្រឹងសាច់ដុំជង្គង់ ការគេងលើកត្រគាក ដើម្បីទ្រទ្រង់ឆ្អឹងខ្នងផ្នែកខាងក្រោម ការឈរជើងម្ខាងដើម្បីបង្កើនដង់ស៊ីតេឆ្អឹងត្រគាក ការអាវ៉ង់ផ្អែកជញ្ជាំងដើម្បីពង្រឹងឆ្អឹងកដៃ និងក្បាច់ Bird-Dog ដើម្បីរក្សាតុល្យភាពឆ្អឹងខ្នង។
ក្រៅពីការហាត់ប្រាណ ការស្រូបពន្លឺថ្ងៃពេលព្រឹកដើម្បីទទួលបានវីតាមីន D និងការទទួលទានអាហារសម្បូរកាល់ស្យូម គឺជាគន្លឹះដ៏សំខាន់បំផុតដើម្បីបង្ការជំងឺពុកឆ្អឹង និងជួយឱ្យអ្នករក្សាភាពរឹងមាំបានយូរអង្វែង៕