តើអ្នកកំពុងជួបបញ្ហាស្បែកក្លៀកឡើងខ្មៅខ្លាំង រដិបរដុប និងក្រាស់ដែលដុសខាត់យ៉ាងណាក៏មិនបាត់មែនទេ? យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ថានភាពនេះត្រូវបានគេហៅថា “ក្លៀកកាបូន” ឬតាមបច្ចេកទេសវេជ្ជសាស្ត្រគឺ Acanthosis Nigricans ដែលជាជំងឺស្បែកម្យ៉ាងបណ្តាលមកពីបញ្ហាសុខភាពផ្ទៃក្នុង មិនមែនមកពីភាពកខ្វក់ខាងក្រៅឡើយ។
មូលហេតុចម្បងដែលធ្វើឱ្យស្បែកឡើងខ្មៅក្រាស់បែបនេះ គឺបណ្តាលមកពី “ភាពធន់នឹងអាំងស៊ុយលីន” នៅក្នុងរាងកាយ។ នៅពេលរាងកាយមានជាតិខ្លាញ់លើសច្រើនពេក ឬខ្វះការហាត់ប្រាណ កោសិកានឹងឈប់ឆ្លើយតបទៅនឹងសញ្ញារបស់អាំងស៊ុយលីន ដែលបង្ខំឱ្យលំពែងផលិតអាំងស៊ុយលីនកាន់តែច្រើនលើសលប់។ បរិមាណអាំងស៊ុយលីនដ៏ច្រើននេះឯង ជាអ្នកទៅជំរុញឱ្យកោសិកាស្បែកបែងចែកខ្លួនខុសប្រក្រតី រហូតធ្វើឱ្យស្បែកឡើងក្រាស់ និងប្រែពណ៌ទៅជាត្នោតចាស់ ឬខ្មៅខុសពីធម្មតា។
ដោយសារបញ្ហានេះកើតចេញពីប្រព័ន្ធមេតាប៉ូលីសក្នុងរាងកាយ ដូច្នេះការប្រើឡេខាត់ស្បែក ឬការដុសសម្អាតខ្លាំងៗគឺមិនមានប្រសិទ្ធភាពឡើយ។ ដំណោះស្រាយដ៏ល្អបំផុត និងមិនបាច់ចំណាយប្រាក់ គឺស្ថិតនៅលើ “ការគ្រប់គ្រងទម្ងន់ និងការហាត់ប្រាណ” ជាប្រចាំ។ លំហាត់ប្រាណជួយឱ្យសាច់ដុំបឺតស្រូបយកជាតិស្ករទៅប្រើប្រាស់ជាថាមពលបានកាន់តែប្រសើរ ដែលវានឹងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងបង្កើនភាពរសើបនៃអាំងស៊ុយលីន។ នៅពេលដែលរាងកាយចាប់ផ្តើមឆ្លើយតបនឹងអាំងស៊ុយលីនបានល្អឡើងវិញ កម្រិតអាំងស៊ុយលីនក្នុងឈាមនឹងធ្លាក់ចុះមកកម្រិតធម្មតា ដែលធ្វើឱ្យកោសិកាស្បែកដែលធ្លាប់តែខ្មៅក្រាស់ ចាប់ផ្តើមប្រែមកជាស្តើង និងមានពណ៌ធម្មជាតិវិញបន្តិចម្តងៗ។
ក្រៅពីការហាត់ប្រាណ ការកែសម្រួលរបបអាហារដោយកាត់បន្ថយជាតិស្ករ និងការគេងឱ្យបានគ្រប់គ្រាន់ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការស្ដារតុល្យភាពរាងកាយឡើងវិញផងដែរ។ បើអ្នកចង់បំបាត់ “ក្លៀកកាបូន” ឱ្យមានប្រសិទ្ធភាព ចូរផ្ដោតលើការថែទាំសុខភាពពីខាងក្នុងមកវិញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបានព្យាយាមផ្លាស់ប្តូរទម្លាប់រស់នៅហើយ ប៉ុន្តែរោគសញ្ញានៅតែមិនធូរស្រាល អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យរកមើលបញ្ហាអ័រម៉ូនផ្សេងៗ ឬរោគសញ្ញានៃជំងឺមហារីកមួយចំនួនដែលអាចជាមូលហេតុបង្កឱ្យមានស្ថានភាពស្បែកបែបនេះ៕