តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាទើបតែញ៉ាំបាយឆ្អែតសោះ បែរជាចង់រកអាហារសម្រន់មកញ៉ាំបន្តទៀត?
យោងតាមការចុះផ្សាយពីប្រភពបរទេស អាកប្បកិរិយានេះច្រើនតែមិនមែនជាការឃ្លានពិតប្រាកដឡើយ ប៉ុន្តែវាគឺជា “ការញ៉ាំតាមអារម្មណ៍”។ នៅពេលយើងតានតឹង ធុញទ្រាន់ ឬខកចិត្ត រាងកាយនឹងទាមទារអាហារផ្អែម ឬខ្លាញ់ ដើម្បីបញ្ចេញដូប៉ាមីនដែលជាអ័រម៉ូនបង្កើនក្ដីសុខបណ្ដោះអាសន្ន។ សញ្ញាសម្គាល់នៃការញ៉ាំដោយសារស្ត្រេសរួមមាន ការឃ្លានបង្អែម ឬអាហារចៀនភ្លាមៗ ការញ៉ាំមិនឈប់សូម្បីតែឆ្អែត និងមានអារម្មណ៍ស្ដាយក្រោយ ឬមានកំហុសបន្ទាប់ពីញ៉ាំរួច។
ដើម្បីកែប្រែទម្លាប់ដែលប៉ះពាល់ដល់សុខភាពនេះ អ្នកជំនាញណែនាំឱ្យចាប់ផ្ដើមពីការកសាងស្មារតីដឹងខ្លួន និងបែងចែកឱ្យដាច់រវាងការឃ្លានពិតប្រាកដ និងការចង់ញ៉ាំដើម្បីបំបាត់ទុក្ខ។ ជំហានដំបូងគឺត្រូវស្វែងរកវិធីកំដរអារម្មណ៍ផ្សេងក្រៅពីការញ៉ាំ ដូចជាការដើរស្រូបខ្យល់អាកាស ការសរសើរកំណត់ហេតុ ឬការស្ដាប់តន្ត្រីជាដើម។ ទន្ទឹមនឹងនេះ អ្នកគួរទុកអាហារសម្រន់ឱ្យឆ្ងាយពីភ្នែក និងផ្ដោតលើការញ៉ាំអាហារចម្បងដែលសម្បូរប្រូតេអ៊ីន និងជាតិសរសៃ ដើម្បីជួយឱ្យរាងកាយឆ្អែតបានយូរ និងកាត់បន្ថយការឃ្លានផ្ដេសផ្ដាស។
តិកនិកដ៏មានប្រសិទ្ធភាពបំផុតមួយគឺ “ច្បាប់រង់ចាំ ១០ នាទី” ដោយនៅពេលអ្នកមានអារម្មណ៍ចង់ញ៉ាំអាហារសម្រន់ភ្លាមៗ ចូរសាកល្បងកំណត់ម៉ោងរង់ចាំ ១០ នាទី រួចសង្កេតមើលថាតើការចង់នោះនៅតែបន្តឬយ៉ាងណា។ ប្រសិនបើវាបាត់ទៅវិញ មានន័យថាវាគ្រាន់តែជាអារម្មណ៍ឆេវឆាវមួយភ្លែតប៉ុណ្ណោះ មិនមែនជាការឃ្លានពិតប្រាកដឡើយ។ ការគ្រប់គ្រងការញ៉ាំ មិនមែនគ្រាន់តែដើម្បីរាងកាយឡើយ ប៉ុន្តែវាគឺជាការថែទាំសុខភាពផ្លូវចិត្តឱ្យរឹងមាំ ដើម្បីជៀសផុតពីការប្រើប្រាស់អាហារជាឧបករណ៍សម្រាប់បិទបាំងភាពតានតឹង៕