យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកដូងមិនត្រឹមតែជាភេសជ្ជៈជួយឱ្យស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ឱសថធម្មជាតិ” ដ៏មានតម្លៃ ដែលសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងអាស៊ីតអាមីណូសម្រាប់ជួសជុលកោសិកា។ អ្វីដែលកាន់តែពិសេស ទឹកដូងត្រូវបានគេទទួលស្គាល់ថាមានសមត្ថភាពជួយតុល្យភាពអ័រម៉ូន និងពង្រឹងសមត្ថភាពផ្លូវភេទបុរសយ៉ាងមានប្រសិទ្ធភាព ប្រសិនបើទទួលទានបានត្រឹមត្រូវតាមបច្ចេកទេសសុខភាព។
ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមា អ្នកជំនាញណែនាំឱ្យផឹកទឹកដូងនៅពេលពោះទទេ ពេលល្ងាច ឬមុនពេលចូលគេង ព្រោះការផឹកនៅចន្លោះពេលនេះអនុញ្ញាតឱ្យសារធាតុចិញ្ចឹម និងអាស៊ីតអាមីណូទៅជួសជុលកោសិការាងកាយបានល្អបំផុតក្នុងអំឡុងពេលសម្រាក ដែលជួយឱ្យស្បែកស្រស់ថ្លា និងគេងលក់ស្កប់ស្កល់។
ទោះជាយ៉ាងណា បរិមាណដែលសមស្របបំផុតគឺមិនលើសពី ២ ផ្លែ ឬប្រហែល ៥០០ សេសេ ក្នុងមួយថ្ងៃឡើយ ព្រោះការផឹកច្រើនជ្រុលអាចធ្វើឱ្យលើសជាតិស្ករ និងប៉ូតាស្យូមក្នុងឈាមដែលបង្កផលវិបាកដល់សុខភាព។ សម្រាប់បុរសដែលចង់ពង្រឹងថាមពលបន្ថែម អ្នកគួររួមបញ្ចូលការញ៉ាំទឹកដូងជាមួយរបបអាហារជំនួយផ្សេងទៀតដូចជា ឪឡឹកដែលសម្បូរជាតិ Citrulline ជួយពង្រីកសរសៃឈាម ផ្លែបឺរដែលផ្ដល់ខ្លាញ់ល្អដើម្បីរក្សាកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន និងផ្លែឈើវីតាមីន C ដែលជួយពង្រឹងគុណភាពមេជីវិត។
ជាការដាស់តឿន មនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានបញ្ហាសរសៃឈាមបេះដូង គួរទទួលទានទឹកដូងដោយការប្រុងប្រយ័ត្ន និងពិគ្រោះជាមួយគ្រូពេទ្យជាមុន ដើម្បីជៀសវាងការឡើងកម្រិតប៉ូតាស្យូមខ្ពស់ពេក ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពបេះដូងដោយមិនដឹងខ្លួន។ ការយល់ដឹងពីក្បួនខ្នាតនៃការទទួលទានទឹកដូង មិនត្រឹមតែជួយឱ្យអ្នកទទួលបានភាពស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគលើសុខភាពរាងកាយ និងថាមពលជីវិតឱ្យកាន់តែរឹងមាំយូរអង្វែង៕