យោងតាមការចុះផ្សាយពីប្រភពបរទេស ផ្លែគីវីមិនត្រឹមតែមានរសជាតិឆ្ងាញ់ប្លែកមាត់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “អាវុធសម្ងាត់” សម្រាប់សុខភាពដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមលើសលប់លើសពីអ្វីដែលអ្នកធ្លាប់គិត។
អត្ថប្រយោជន៍ដំបូងបង្អស់គឺសមត្ថភាពក្នុងការជួយដល់ប្រព័ន្ធបេះដូង និងការបញ្ចេញចោល ដោយសារជាតិសរសៃដ៏សម្បូរបែបដែលជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងការពារការទល់លាមកយ៉ាងមានប្រសិទ្ធភាព។ អ្វីដែលកាន់តែពិសេសនោះ គីវីមានអង់ស៊ីម “អាកទីនីឌីន” ដែលដើរតួជាជំនួយការរំលាយអាហារយ៉ាងពូកែ ជាពិសេសគឺការបំបែកជាតិប្រូតេអ៊ីនពីសាច់ដែលអ្នកបានញ៉ាំច្រើនជ្រុល ជួយកាត់បន្ថយការហើមពោះ និងធ្វើឱ្យក្រពះមានអារម្មណ៍ស្រាលស្រឡះភ្លាមៗ។
សម្រាប់អ្នកដែលកំពុងយកចិត្តទុកដាក់លើរាងកាយ និងកម្រិតជាតិស្ករ ផ្លែគីវីគឺជាជម្រើសដ៏ល្អឥតខ្ចោះ ព្រោះវាមានសន្ទស្សន៍គ្លីសេមិចទាបបំផុត (GI ត្រឹមតែ 52) ដែលស័ក្តិសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកចង់សម្រកទម្ងន់ដោយជួយឱ្យឆ្អែតបានយូរ។ ក្រៅពីការការពាររាងកាយពីជំងឺមហារីកតាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្ម និងការពង្រឹងប្រព័ន្ធភាពស៊ាំដោយវីតាមីន C ដ៏ច្រើនលើសលប់ហើយនោះ គីវីក៏ជា “ថ្នាំដេកលក់ធម្មជាតិ” ផងដែរ។ ជាតិសេរ៉ូតូនីន ដែលមាននៅក្នុងផ្លែឈើនេះ នឹងជួយឱ្យអ្នកឆាប់លក់ស្កប់ស្កល់ និងភ្ញាក់ឡើងវិញដោយភាពស្រស់ស្រាយ ប្រសិនបើអ្នកទទួលទានវាមួយម៉ោងមុនពេលចូលគេង។
ក្នុងផ្លែគីវីតែមួយផ្លែ អ្នកនឹងទទួលបានទាំងម៉ាញ៉េស្យូមជំនួយឆ្អឹង ប៉ូតាស្យូមគ្រប់គ្រងសម្ពាធឈាម រួមទាំងវីតាមីន K និងហ្វូឡាត ដែលសុទ្ធសឹងតែជាសារធាតុចាំបាច់សម្រាប់រាងកាយមាំមួន ដោយផ្ដល់ថាមពលត្រឹមតែ 40 កាឡូរីប៉ុណ្ណោះ។ ការដាក់បញ្ចូលផ្លែគីវីទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺជាការវិនិយោគលើសុខភាពដ៏ឆ្លាតវៃបំផុត ដែលជួយការពាររាងកាយផង សម្រស់ផង និងជួយឱ្យការរស់នៅប្រកបដោយថាមពលស្រស់ថ្លាជានិច្ច៕