យោងតាមការចុះផ្សាយពីប្រភពបរទេស អាហារមិនត្រឹមតែជាការបំពេញក្រពះឱ្យឆ្អែតនោះទេ ប៉ុន្តែបរិយាកាស និងមនុស្សដែលអ្នកញ៉ាំជាមួយ មានឥទ្ធិពលយ៉ាងខ្លាំងលើសុខភាពរាងកាយទាំងមូល។ ការស្រាវជ្រាវពីសាកលវិទ្យាល័យល្បីៗដូចជា UCLA និង Harvard បានបង្ហាញថា ការបង្ខំចិត្តញ៉ាំអាហារជាមួយមនុស្សដែលអ្នកមិនចូលចិត្ត ឬមានអារម្មណ៍តានតឹងជាមួយ អាចបង្កផលវិបាកធ្ងន់ធ្ងរដល់សុខភាពដោយមិនដឹងខ្លួន។ មូលហេតុចម្បងគឺនៅពេលអ្នកមានអារម្មណ៍មិនស្រួល រាងកាយនឹងបញ្ចេញអ័រម៉ូន Cortisol ដែលទៅបង្អាក់មុខងាររំលាយអាហារ បង្កឱ្យមានអាការៈហើមពោះ ច្រាលអាស៊ីត និងប៉ះពាល់ដល់ប្រព័ន្ធស៊ាំ។
លើសពីនេះ ភាពតានតឹងផ្លូវចិត្តធ្វើឱ្យអ្នកមាននិន្នាការញ៉ាំលឿនពេក ឬញ៉ាំច្រើនហួសប្រមាណ ដែលជាដើមហេតុនៃជំងឺធាត់ លើសឈាម និងជំងឺទឹកនោមផ្អែម។ ផ្ទុយទៅវិញ ការញ៉ាំអាហារក្នុងបរិយាកាសរីករាយជាមួយមនុស្សដែលអ្នកស្រលាញ់ នឹងជួយឱ្យប្រព័ន្ធសរសៃប្រសាទប៉ារ៉ាស៊ីមប៉ាតេទិច ដំណើរការបានល្អ ជំរុញការស្រូបយកសារធាតុចិញ្ចឹមបានពេញលេញ និងធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ជាងមុន។
ក្នុងករណីដែលអ្នកមិនអាចជៀសវាងបាន អ្នកជំនាញណែនាំឱ្យអនុវត្តតិកនិកមួយចំនួនដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយចាប់ផ្ដើមពីការដកដង្ហើមវែងៗមុនពេលញ៉ាំ ដើម្បីបន្ថយកម្រិតអ័រម៉ូនស្ត្រេស រួចផ្ដោតអារម្មណ៍ទៅលើរសជាតិអាហារ និងការទំពារឱ្យបានម៉ដ្ឋល្អជាជាងការចាប់អារម្មណ៍លើបរិយាកាសជុំវិញ។ បន្ទាប់ពីបញ្ចប់ការញ៉ាំ អ្នកគួរចំណាយពេលនៅម្នាក់ឯងបន្តិចដើម្បីរំសាយភាពតានតឹង និងជួយឱ្យប្រព័ន្ធរំលាយអាហារត្រឡប់មកសភាពធម្មតាវិញ។
ចងចាំថា ការជ្រើសរើស “ដៃគូញ៉ាំអាហារ” ដែលត្រឹមត្រូវ គឺជាជំហានដំបូងដ៏សំខាន់សម្រាប់សុខភាពបេះដូង ក្រពះពោះវៀន និងអាយុយឺនយូរ៕