យោងតាមការចុះផ្សាយពីប្រភពបរទេស សម្ពាធឈាមខ្ពស់ត្រូវបានគេស្គាល់ថាជា “ឃាត់ករលាក់មុខ” ព្រោះវាបង្កើនហានិភ័យនៃជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន។ ក្រៅពីការតាមដានសុខភាពជាមួយគ្រូពេទ្យ ការជ្រើសរើសភេសជ្ជៈធម្មជាតិចំនួន ៣ ប្រភេទនៅពេលល្ងាច គឺជាវិធីសាស្ត្រដ៏សាមញ្ញ និងមានប្រសិទ្ធភាពក្នុងការជួយកាត់បន្ថយសម្ពាធឈាមឱ្យមកកម្រិតសុវត្ថិភាពវិញ។
ភេសជ្ជៈដំបូងគេគឺ ទឹកមើមឆៃថាវក្រហម ដែលសម្បូរទៅដោយសារធាតុ Nitrate ធម្មជាតិ។ នៅពេលទទួលទានចូលទៅ រាងកាយនឹងបំប្លែងវាទៅជា Nitric Oxide ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រីកសរសៃឈាម ធ្វើឱ្យចរន្តឈាមរត់បានរលូន និងកាត់បន្ថយសម្ពាធឈាមបានយ៉ាងឆាប់រហ័ស។ បន្ទាប់មកគឺ តែផ្កា Chamomile ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកចង់កាត់បន្ថយស្ត្រេស។ ភេសជ្ជៈគ្មានជាតិកាហ្វេអ៊ីនមួយនេះ ជួយឱ្យរាងកាយសម្រាក និងគេងលក់ស្កប់ស្កល់ ដែលជាកត្តាចាំបាច់ក្នុងការរក្សាសម្ពាធឈាមឱ្យមានស្ថិរភាព និងជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ក្នុងឈាមផងដែរ។
ចុងក្រោយគឺ ទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ ជាតិរ៉ែខនិជសំខាន់ៗដូចជា កាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលមានក្នុងទឹកដោះគោ ជួយឱ្យសរសៃឈាមមានភាពបត់បែន និងសម្រាកបានល្អ។ សម្រាប់អ្នកមានបញ្ហាសម្ពាធឈាម គួរជ្រើសរើសទឹកដោះគោគ្មានជាតិខ្លាញ់ និងជៀសវាងការបន្ថែមស្ករ ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត។
ការទម្លាប់ក្រេបភេសជ្ជៈទាំងនេះមុនពេលចូលគេង មិនត្រឹមតែជួយឱ្យអ្នកគេងលក់ស្រួលប៉ុណ្ណោះទេ តែវាគឺជាការថែទាំសុខភាពបេះដូងតាមបែបធម្មជាតិដ៏វិសេសបំផុត៕