យោងតាមការចុះផ្សាយពីប្រភពបរទេស ស៊ុតគឺជាកំពូលអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន អាស៊ីតអាមីណូចាំបាច់ទាំង ៩ ប្រភេទ ព្រមទាំងវីតាមីនសំខាន់ៗជាច្រើនដូចជា A, D, E, K និងសារធាតុ Choline ដែលជួយទ្រទ្រង់ដល់សុខភាពខួរក្បាល និងថ្លើម។
ជាទូទៅ សម្រាប់មនុស្សដែលមានសុខភាពល្អធម្មតា ការទទួលទានស៊ុតពី ១ ទៅ ២ គ្រាប់ក្នុងមួយថ្ងៃ មិនផ្ដល់ផលប៉ះពាល់អាក្រក់ដល់កម្រិតខ្លាញ់ក្នុងឈាមនោះឡើយ។ ចំណែកឯអ្នកហាត់ប្រាណ ឬកីឡាករដែលត្រូវការប្រូតេអ៊ីនខ្ពស់ ក៏អាចទទួលទានបានច្រើនជាងនេះ ដោយផ្ដោតសំខាន់លើផ្នែកពណ៌ស ដើម្បីជៀសវាងការលើសជាតិខ្លាញ់ ឬកូឡេស្តេរ៉ូល។
ទោះជាយ៉ាងណា បុគ្គលមួយចំនួនដែលមានបញ្ហាសុខភាពជាក់លាក់ ចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន និងកម្រិតបរិមាណនៃការទទួលទានស៊ុត។ ក្រុមដំបូងគឺអ្នកដែលមានអាឡែស៊ីជាមួយស៊ុត ដែលភាគច្រើនកើតលើកុមារតូចៗ ដែលអាចបង្កឱ្យមានរោគសញ្ញាកន្ទួលរមាស់ ពិបាកដកដង្ហើម ឬគ្រោះថ្នាក់ដល់ជីវិត។ បន្ទាប់មកគឺអ្នកដែលមានបញ្ហាខ្លាញ់ក្នុងឈាមខ្ពស់ ឬជំងឺខ្លាញ់រុំថ្លើមរ៉ាំរ៉ៃ គួរកាត់បន្ថយការញ៉ាំផ្នែកពណ៌លឿង ព្រោះវាសម្បូរទៅដោយជាតិខ្លាញ់ដែលអាចបង្កើនបន្ទុកដល់មេតាប៉ូលីសរបស់ថ្លើម និងសរសៃឈាម។ ចំពោះអ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ ទោះបីជាអាចទទួលទានផ្នែកពណ៌សបានក៏ដោយ ក៏ត្រូវតែគ្រប់គ្រងបរិមាណប្រូតេអ៊ីនសរុបឱ្យបានហ្មត់ចត់បំផុត ក្រោមការណែនាំពីគ្រូពេទ្យជំនាញ ដើម្បីរក្សាតុល្យភាពសុខភាពរាងកាយឱ្យបានល្អ៕