យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកដូងមិនមែនគ្រាន់តែជាភេសជ្ជៈសម្រាប់បំបាត់ការស្រេកទឹកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ភេសជ្ជៈប៉ូវកម្លាំង” ពីធម្មជាតិដែលសម្បូរទៅដោយជាតិរ៉ែខនិជដ៏មានតម្លៃ។
ជាមួយនឹងសមាសធាតុជាតិទឹកដល់ទៅ 94% បូករួមនឹងអេឡិចត្រូឡៃសំខាន់ៗដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម ទឹកដូងមានប្រសិទ្ធភាពខ្ពស់ជាងទឹកស្អាតធម្មតាក្នុងការជួយឱ្យរាងកាយមានសំណើមឡើងវិញបានយ៉ាងឆាប់រហ័ស ជាពិសេសបន្ទាប់ពីការហាត់ប្រាណ ឬការបាត់បង់ជាតិទឹកខ្លាំង។
ក្រៅពីការផ្តល់សំណើម ទឹកដូងផ្តល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាពបេះដូង និងតម្រងនោម។ ជាតិប៉ូតាស្យូមខ្ពស់ដែលមាននៅក្នុងទឹកដូង ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបញ្ចុះសម្ពាធឈាម និងការពារសរសៃឈាមបេះដូងឱ្យរឹងមាំ។ ទន្ទឹមនឹងនេះ ការទទួលទានទឹកដូងជាប្រចាំជួយទប់ស្កាត់ការកកើតគ្រីស្តាល់ក្នុងទឹកនោម ដែលជាដើមហេតុចម្បងនៃជំងឺក្រួសក្នុងតម្រងនោម និងជួយឱ្យប្រព័ន្ធអាំងស៊ុយលីនដំណើរការបានល្អជាងមុនសម្រាប់អ្នកដែលមានបញ្ហាជាតិស្ករក្នុងឈាម។
ទោះជាយ៉ាងណា ដើម្បីទទួលបានគុណប្រយោជន៍ខ្ពស់បំផុត អ្នកគួរជ្រើសរើសទទួលទានទឹកដូងស្រស់ពីផ្លែផ្ទាល់ត្រឹម ១ ផ្លែក្នុងមួយថ្ងៃ នៅពេលថ្ងៃត្រង់ ឬក្រោយពេលបញ្ចេញកម្លាំងពលកម្ម។ ដោយឡែក សម្រាប់បុគ្គលដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ ចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុន ព្រោះកម្រិតប៉ូតាស្យូមដែលខ្ពស់ពេកអាចផ្ដល់សម្ពាធបន្ថែមដល់មុខងារតម្រងនោមដែលកំពុងចុះខ្សោយ៕