តម្រងនោមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសុខភាពរាងកាយល្អប្រសើរ។ វាជួយផលិតកោសិកាគ្រាប់ឈាមក្រហម, គ្រប់គ្រងកម្រិតនៃសម្ពាធឈាម, បន្សាបជាតិពុលសរីរាង្គខាងក្នុង, បញ្ចេញជាតិទឹក ឬសារធាតុរាវដែលលើស, បញ្ចេញកាកសំណល់តាមរយៈទឹកនោម, ច្រោះឈាម, ផលិតអ័រម៉ូន និងគ្រប់គ្រងកម្រិតនៃជាតិរ៉ែចាំបាច់ទាំងអស់ក្នុងឈាម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទាំងនេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមធ្វើយ៉ាងណាកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមដោយបញ្ឈប់ ឬជៀសវាងការទទួលទានអាហារមួយចំនួនជាបន្ទាន់។ ថាតើអាហារប្រភេទណាអ្វីខ្លះទៅដែលផ្ដល់ផលប៉ះពាល់គួរឲ្យបារម្ភដល់សុខភាពតម្រងនោម? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរបញ្ឈប់ ឬកាតើបន្ថយការទទួលទាន ប្រសិនបើកំពុងមានតម្រងនោមមិនល្អស្រាប់ ឬមិនចង់ឱ្យតម្រងនោមឆាប់ខូច៖
១. អាហារកំប៉ុង
អាហារកំប៉ុងភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម ព្រោះអំបិលត្រូវបានបន្ថែមជាសារធាតុការពារដើម្បីបង្កើនអាយុកាលនៃអាហារប្រភេទនេះ ឬរក្សាទុកបានយូរ។ ហើយក៏ព្រោះតែបរិមាណខ្ពស់នៃជាតិសូដ្យូម ឬអំបិលក្នុងទំនិញកំប៉ុង វាត្រូវបានគេណែនាំឱ្យអ្នកដែលមានជំងឺតម្រងនោមកម្រិត ឬជៀសវាងការទទួលទាន។ ការជ្រើសយកប្រភេទនៃអាហារកំប៉ុងដែលមានស្លាកបញ្ចាក់ប្រាប់ថា “គ្មានអំបិលបន្ថែម” ឬសូដ្យូមទាប គឺការប្រសើរបំផុត។ ការលាងសម្អាត និងបង្ហូរទឹកនៃអាហារកំប៉ុងដូចជា ស្ពៃកំប៉ុង, ត្រីធូណាកំប៉ុង និងសណ្ដែកកំប៉ុងអាចកាត់បន្ថយជាតិសូដ្យូមបានពី ៣៣ ដល់ ៨០ ភាគរយ អាស្រ័យលើផលិតផលនោះ។
២. ផលិតផលធ្វើឡើងពីទឹកដោះគោ
ផលិតផលអាហារផ្សំឡើងពីទឹកដោះគោដូចជា ឈីស, ទឹកដោះគោ និងទឹកដោះគោជូរ គឺមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលបង្កើនកម្រិតនៃជាតិកាល់ស្យូមក្នុងទឹកនោម។ វាត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃជំងឺគ្រួសក្នុងតម្រងនោម។ សម្រាប់អ្នកដែលមានជំងឺតម្រងនោមស្រាប់គួរកាត់បន្ថយការទទួលទានអាហារផ្សំឡើងពីទឹកដោះគោដើម្បីអនុញ្ញាតឱ្យតម្រងនោមងាយស្រួលដំណើរការមុខងារច្រោះឈាម។ បឺរ ជាផលិតផលផ្សំឡើងពីទឹកដោះគោដែលមានផ្ទុកជាតិខ្លាញ់ឆ្អែតខ្ពស់ដែលបង្កើនហានិភ័យនៃជំងឺបេះដូង។ អ្វីដែលសំខាន់នោះ គឺជំងឺបេះដូងជាកត្តាចម្បងបំផុតមួយនៃជំងឺតម្រងនោម។
៣. អាហារមានផ្ទុកសារធាតុ GMOs
ភាគច្រើននៃអាហារកែច្នៃមានផ្ទុកសារធាតុ GMOs ដែលបង្កផលប៉ះពាល់ចំពោះសុខភាពគួរឱ្យព្រួយបារម្ភ រួមទាំងបញ្ហាពាក់ព័ន្ធនឹងតម្រងនោម។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានអាហារកែច្នៃក្នុងកម្រិតមធ្យម។
៤. សាច់
សាច់សឹងតែគ្រប់ប្រភេទ គឺមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់។ ហើយប្រូតេអ៊ីន គឺចាំបាច់សម្រាប់ដំណើរការនៃការលូតឡាស់ និងសុខភាពសាច់ដុំ ប៉ុន្តែការរំលាយប្រូតេអ៊ីន ជាការងារដ៏ពិបាកបំផុតមួយដែលតម្រងនោមធ្វើ ឬទទួលខុសត្រូវ។ ការទទួលបាននូវជាតិប្រូតេអ៊ីន គឺល្អសម្រាប់សុខភាព ប៉ុន្តែប្រូតេអ៊ីនច្រើនហួសប្រមាណពេកអាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់តម្រងនោម។ ប្រូតេអ៊ីនច្រើនពេកបង្កើនការផ្ទុកមេតាប៉ូលីកដែលបង្កការបំផ្លាញដល់តម្រងនោម។ ការទទួលទានអាហារមានផ្ទុកជាតិប្រូតេអ៊ីនច្រើនក៏បង្កើនហានិភ័យនៃជំងឺគ្រួសក្នុងតម្រងនោមផងដែរ។ ហើយអ្នកដែលមានជំងឺតម្រងនោមមិនត្រូវបានណែនាំឱ្យទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនឡើយ។
៥. គ្រាប់ធញ្ញជាតិ
តើអ្នកឆាប់ជួបប្រទះបញ្ហាគ្រួសក្នុងតម្រងនោមមែនទេ? ប្រសិនបើមែននោះគ្រាប់ធញ្ញជាតិមិនមែនជាជម្រើសនៃអាហារសម្រន់ដ៏ប្រសើរសម្រាប់អ្នកឡើយ។ គ្រាប់ធញ្ញជាតិមានផ្ទុកជាតិរ៉ែម្យ៉ាងហៅថា oxalates ដែលមានផ្ទុកភាគច្រើនក្នុងប្រភេទទូទៅនៃគ្រួសតម្រងនោម។ ប្រសិនបើអ្នកធ្លាប់មានបញ្ហាគ្រួសក្នុងតម្រងនោម ចូរជៀសឱ្យផុតពីការទទួលទានគ្រាប់ធញ្ញជាតិ។ សម្រាប់អ្នកដែលមានសុខភាពល្អ ចូរទទួលទានត្រឹមកម្រិតមធ្យមមិនច្រើនពេក រួមបញ្ចូលទាំងអាហារមានផ្ទុកជាតិ oxalates ផ្សេងៗទៀតផង។
៦. ភេសជ្ជៈកំប៉ុង
ការទទួលទានភេសជ្ជៈកំប៉ុងចំនួន ២ ឬច្រើនជាងនេះក្នុងមួយថ្ងៃជាប្រចាំអាចបង្កើនហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃគួរឱ្យព្រួយបារម្ភ។ ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈមានផ្ទុកជាតិកាបូណាតក៏ផ្សារភ្ជាប់ជាមួយការបង្កើតគ្រួសក្នុងតម្រងនោមផងដែរ។
៧. ស្ករស
ការទទួលទានស្ករស ឬអាហារមានផ្ទុកសម្បូរទៅដោយជាតិស្ករខ្ពស់ច្រើនពេលរួមចំណែកបង្កភាពធាត់ជ្រុលដែលបង្កើនហានិភ័យនៃការជំងឺសម្ពាធឈាម និងទឹកនោមផ្អែម ហើយជំងឺទាំងពីរនេះជាកត្តានាំឱ្យកើតមានជំងឺតម្រងនោម។ ដូច្នេះដើម្បីជៀសវាងធ្វើឱ្យតម្រងនោមឆាប់ខូច ចូរកម្រិតការទទួលទានជាតិស្កររបស់អ្នក៕