ការទទួលទានកាហ្វេនៅពេលព្រឹកព្រលឹមទាំងពោះទទេ ជាទម្លាប់របស់មនុស្សជាច្រើន ប៉ុន្តែវាអាចជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់រាងកាយដែលអ្នកគួរដឹង ៖
១. បញ្ហាក្រពះ និងប្រព័ន្ធរំលាយអាហារ
កាហ្វេមានជាតិអាស៊ីត និងសារធាតុដែលរំញោចដល់ការផលិតអាស៊ីតក្រពះ (Hydrochloric acid)។ នៅពេលដែលគ្មានអាហារនៅក្នុងក្រពះ អាស៊ីតទាំងនេះអាចធ្វើឱ្យរលាកភ្នាសក្រពះ បណ្ដាលឱ្យចុកពោះ ឆ្អល់ក្ដៅភ្នែក និងអាចវិវត្តទៅជាជំងឺដំបៅក្រពះ ឬច្រាលអាស៊ីត (GERD) ក្នុងរយៈពេលវែង។
២. ប៉ះពាល់ដល់អ័រម៉ូនស្ត្រេស
នៅពេលព្រឹក រាងកាយបញ្ចេញអ័រម៉ូន Cortisol ដើម្បីជួយឱ្យយើងមានថាមពល និងស្មារតីភ្ញាក់រលឹក។ ការផឹកកាហ្វេភ្លាមៗទាំងមិនទាន់បានញ៉ាំអី អាចរំខានដល់តុល្យភាពអ័រម៉ូននេះ ដែលធ្វើឱ្យរាងកាយកាន់តែស្ត្រេស ភ័យព្រួយ ឬញ័រទ្រូង ខណៈដែលប្រសិទ្ធភាពរបស់កាហ្វេបែរជាធ្លាក់ចុះទៅវិញ។
៣. ជាតិស្ករក្នុងឈាមមិនស្ថិតស្ថេរ
ការសិក្សាមួយចំនួនបង្ហាញថា ការផឹកកាហ្វេខ្មៅមុនអាហារពេលព្រឹក អាចកាត់បន្ថយសមត្ថភាពរបស់រាងកាយក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរហូតដល់ ៥០%។ វានឹងធ្វើឱ្យកម្រិតជាតិស្ករឡើងខ្ពស់ខុសធម្មតា នៅពេលអ្នកញ៉ាំអាហារពេលព្រឹកបន្ទាប់ពីនោះ។
៤. ការបាត់បង់ជាតិទឹក និងជាតិរ៉ែ
កាហ្វេគឺជាសារធាតុបញ្ចុះទឹកនោម (Diuretic)។ ប្រសិនបើអ្នកមិនទាន់បានញ៉ាំអាហារ ឬផឹកទឹកឱ្យបានគ្រប់គ្រាន់ទេ វានឹងធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកកាន់តែលឿន និងអាចបណ្តាលឱ្យបាត់បង់ជាតិរ៉ែសំខាន់ៗដូចជា ប៉ូតាស្យូម និងម៉ាញ៉េស្យូម តាមរយៈទឹកនោម។
ដំបូន្មានដើម្បីសុខភាព៖
ដើម្បីកាត់បន្ថយផលប៉ះពាល់ អ្នកគួរអនុវត្តដូចខាងក្រោម៖
-ផឹកទឹកធម្មតា ១ កែវ៖ ញ៉ាំទឹកភ្លាមក្រោយពេលភ្ញាក់ពីគេង ដើម្បីផ្តល់សំណើមដល់រាងកាយ។
-ញ៉ាំអាហារបន្តិចបន្តួច៖ បើទោះជាមិនទាន់ឃ្លានខ្លាំង ក៏គួរញ៉ាំចេក ១ ផ្លែ នំបុ័ង ១ ចំណិត ឬគ្រាប់ធញ្ញជាតិខ្លះៗ មុនពេលផឹកកាហ្វេ។
-ពន្យារពេលផឹកកាហ្វេ៖ ពេលវេលាដែលល្អបំផុតគឺចន្លោះម៉ោង ៩:៣០ ដល់ ១១:៣០ ព្រឹក ដែលជាពេលកម្រិតអ័រម៉ូន Cortisol ចាប់ផ្តើមធ្លាក់ចុះ។