យោងតាមការចុះផ្សាយពីប្រភពបរទេស ដំបៅក្នុងមាត់មិនមែនជារឿងចៃដន្យ ឬមកពី “សំណាង” នោះទេ ប៉ុន្តែវាជាសញ្ញាព្រមានពីរាងកាយថាអ្នកកំពុងរស់នៅដោយខ្វះការប្រុងប្រយ័ត្ន។ ប្រសិនបើអ្នកឧស្សាហ៍កើតដំបៅមាត់នៅលើថ្ពាល់ អញ្ចាញធ្មេញ ឬអណ្ដាត នេះគឺជាមូលហេតុពិតដែលមនុស្សជាច្រើនមើលរំលង៖
មូលហេតុដំបូងគេគឺ ការសម្រាកមិនគ្រប់គ្រាន់ ការចូលគេងយប់ជ្រៅធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ដែលបង្កឱ្យមានបញ្ហាកម្តៅក្នុងខ្លួន និងកើតដំបៅមាត់យ៉ាងងាយ។ បន្ថែមពីនេះ ភាពតានតឹង និងការថប់បារម្ភ ពីការងារ ឬការសិក្សា ក៏ជាកត្តាជំរុញឱ្យរាងកាយបញ្ចេញប្រតិកម្មជាដំបៅឈឺចាប់ទាំងនេះដែរ។ តាមបែបវេជ្ជសាស្ត្របុរាណចិន ការ ញ៉ាំអាហារដែលមានឥទ្ធិពលក្ដៅ ច្រើនហួសប្រមាណ ដូចជាអាហារចៀនបំពង អាហារហឹរខ្លាំង ឬផ្លែឈើមានជាតិស្ករខ្ពស់ (ទុរេន ខ្នុរ មៀន) ដោយមិនបានផឹកទឹកឱ្យបានគ្រប់គ្រាន់ នឹងធ្វើឱ្យរាងកាយបាត់បង់តុល្យភាព និងបង្កឱ្យក្ដៅក្នុង។
ក្រៅពីរបបអាហារ ការប្រើប្រាស់ថ្នាំមួយចំនួន ដូចជាថ្នាំបញ្ចុះកម្ដៅ ឬថ្នាំប្រឆាំងការរលាកក្នុងរយៈពេលយូរ ក៏អាចមានផលប៉ះពាល់ដល់ភ្នាសមាត់ផងដែរ។ ជាចុងក្រោយ គឺ កង្វះអាហារូបត្ថម្ភ ជាពិសេសការខ្វះជាតិដែក ស័ង្កសី និងវីតាមីន B12 ដែលសុទ្ធតែជាសារធាតុសំខាន់សម្រាប់ការពារ និងជួសជុលកោសិកាក្នុងមាត់។
ដើម្បីព្យាបាលឱ្យឆាប់ជា អ្នកគួរខ្ពុរមាត់ជាមួយទឹកអំបិល ឬប្រើថ្នាំលាប ប៉ុន្តែប្រសិនបើដំបៅមិនបាត់ក្នុងរយៈពេលមួយសប្តាហ៍ អ្នកចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕