យោងតាមការចុះផ្សាយពីប្រភពបរទេស ភាពតានតឹងគឺជាផ្នែកមួយនៃជីវិត ប៉ុន្តែប្រសិនបើទុកឱ្យវាគ្របដណ្ដប់យូរពេក វានឹងបំផ្លាញសុខភាពទាំងរាងកាយ និងស្មារតី។ ប្រសិនបើអ្នកចាប់ផ្ដើមមានអាការៈដូចជា បេះដូងលោតញាប់ គេងមិនលក់ ឆាប់ខឹង ឬឈឺក្បាលប្រកាំងញឹកញាប់ វាដល់ពេលដែលត្រូវប្រើវិធីសាស្ត្រធម្មជាតិទាំងនេះដើម្បីស្ដារថាមពលផ្លូវចិត្តឡើងវិញ៖
ជំហានដំបូងបំផុតគឺការ ធ្វើចលនារាងកាយ និងហាត់ប្រាណ ដើម្បីបញ្ចេញជាតិសេរ៉ូតូនីនជួយឱ្យអារម្មណ៍ស្រស់ថ្លា និងគេងលក់ស្រួល។ ទន្ទឹមនឹងនេះ ការ គ្រប់គ្រងរបបអាហារ ដោយកាត់បន្ថយគ្រឿងស្រវឹង បារី និងជាតិកាហ្វេអ៊ីន គឺជាគន្លឹះសំខាន់ ព្រោះសារធាតុទាំងនេះរំខានដល់ប្រព័ន្ធប្រសាទ និងធ្វើឱ្យការថប់បារម្ភកាន់តែធ្ងន់ធ្ងរ។ ផ្ទុយទៅវិញ អ្នកគួរជ្រើសរើសអាហារដែលមានតុល្យភាព និង ផឹកតែផ្កាខាម៉ាមីល ក្ដៅឧណ្ហៗមុនចូលគេង ដើម្បីជួយឱ្យរាងកាយសម្រាកបានស្កប់ស្កល់។
ក្រៅពីការថែទាំខាងក្នុង ការកែប្រែបរិយាកាសជុំវិញក៏ជួយបានច្រើនដែរ ដូចជាការ ប្រើក្លិនក្រអូប ពីប្រេងឡាវេនឌឺ ឬទៀនក្រអូបដើម្បីបន្ធូរអារម្មណ៍។ ការ អនុវត្តការដកដង្ហើមវែងៗ និងធ្វើសមាធិ ត្រឹមតែ ១៥-៣០ នាទីក្នុងមួយថ្ងៃ នឹងជួយឱ្យខួរក្បាលបានឈប់សម្រាកពីគំនិតដ៏ស្មុគស្មាញ។ ជាចុងក្រោយ ចូរផ្ដល់អាទិភាពលើ ការគេងឱ្យបានគ្រប់គ្រាន់យ៉ាងតិច ៦ ម៉ោង ក្នុងបន្ទប់ដែលស្ងប់ស្ងាត់ និងគ្មានពន្លឺរំខាន ព្រោះការសម្រាកគឺជាថ្នាំព្យាបាលភាពតានតឹងដ៏មានប្រសិទ្ធភាពបំផុត។
ការអនុវត្តទម្លាប់តូចៗទាំងនេះជារៀងរាល់ថ្ងៃ នឹងជួយឱ្យអ្នកក្លាយជាម្ចាស់លើអារម្មណ៍ខ្លួនឯង និងរស់នៅដោយភាពរីករាយជាងមុន៕