យោងតាមការចុះផ្សាយពីប្រភពបរទេស ការបន្សាបជាតិពុល ពិតប្រាកដ មិនមែនជាការទិញផលិតផលថ្លៃៗមកទទួលទាននោះទេ ប៉ុន្តែគឺជាការជួយឱ្យសរីរាង្គក្នុងរាងកាយដំណើរការបានល្អបំផុត។
រាងកាយរបស់យើងមានប្រព័ន្ធបញ្ចេញកាកសំណល់ដ៏អស្ចារ្យស្រាប់ ហើយយើងគ្រាន់តែត្រូវអនុវត្តទម្លាប់ទាំង ៥ នេះដើម្បីជួយវា៖
ការផឹកទឹកឱ្យបានគ្រប់គ្រាន់គឺជាចំណុចសំខាន់បំផុត ព្រោះវាជួយឱ្យ តម្រងនោម ច្រោះឈាម និងបញ្ចេញជាតិពុលតាមទឹកនោមបានយ៉ាងរហ័ស។ បន្ទាប់មក គឺការបង្កើនការទទួលទានជាតិសរសៃពីបន្លែ និងផ្លែឈើ ដែលដើរតួដូចជា “អំបោសធម្មជាតិ” ជួយបោសសម្អាតកាកសំណល់ក្នុងពោះវៀន កុំឱ្យជាតិពុលជ្រាបចូលទៅក្នុងឈាមវិញ។
ការគេងលក់ឱ្យស្កប់ស្កល់ក៏ជាការបន្សាបជាតិពុលដែរ ជាពិសេសសម្រាប់ខួរក្បាល។ នៅពេលយើងគេង ប្រព័ន្ធម្យ៉ាងនឹងធ្វើការដូចជា “បង្គន់បង្ហូរ” ដើម្បីយកកាកសំណល់ជីវសាស្ត្រចេញពីកោសិកាខួរក្បាល។ ជាមួយគ្នានេះ ការកាត់បន្ថយគ្រឿងស្រវឹង និងជាតិស្ករ នឹងជួយសម្រាលបន្ទុករបស់ ថ្លើម ដែលជាសរីរាង្គចម្បងក្នុងការបំប្លែងជាតិពុលឱ្យទៅជាសារធាតុគ្មានគ្រោះថ្នាក់។
ជាចុងក្រោយ ការហាត់ប្រាណជាទៀងទាត់គឺជាកត្តាចាំបាច់។ ចលនាសាច់ដុំជួយជំរុញឱ្យប្រព័ន្ធឡាំហ្វាទិចដំណើរការ ដែលវាមានតួនាទីយកសារធាតុបរទេសចេញពីកោសិកា។
ការអនុវត្តទម្លាប់ទាំងនេះជាប្រចាំ គឺជាវិធីសាស្ត្របន្សាបជាតិពុលប្រកបដោយចីរភាព និងធ្វើឱ្យអ្នកមានសុខភាពល្អពីខាងក្នុងមកខាងក្រៅ៕