យោងតាមការចុះផ្សាយពីប្រភពបរទេស ចេកមិនត្រឹមតែជាផ្លែឈើដ៏មានឱជារសប៉ុណ្ណោះទេ ប៉ុន្តែសំបករបស់វាដែលយើងតែងបោះចោល ក៏ជាជំនួយការដ៏ពិសេសសម្រាប់កិច្ចការក្នុងផ្ទះផងដែរ។ តាមការណែនាំរបស់អ្នកជំនាញ សំបកចេកមានផ្ទុកសារធាតុតានីននិងអង់ស៊ីមពិសេសៗដែលអាចយកមកប្រើប្រាស់ក្នុងគោលបំណងខុសៗគ្នាជាច្រើន។
ដំបូងឡើយ សំបកចេកគឺជាភ្នាក់ងារដ៏ល្អបំផុតក្នុងការជួយឱ្យផលិតផលស្បែកដូចជា ស្បែកជើង កាបូប ឬខ្សែក្រវាត់ដែលស្រអាប់ ត្រឡប់មកមានពន្លឺចែងចាំងដូចថ្មីឡើងវិញ។ អ្នកគ្រាន់តែយកសំបកចេកផ្នែកខាងក្នុងមកត្រដុសលើផ្ទៃស្បែក រួចជូតសម្អាតដោយក្រណាត់ស្ងួតជាការស្រេច។ លើសពីនេះ សម្រាប់គ្រឿងអលង្ការ ឬសមស្លាបព្រាដែលធ្វើពីប្រាក់ និងមានស្នាមស្រអាប់ អ្នកអាចយកសាច់ខាងក្នុងនៃសំបកចេកមកកិនឱ្យម៉ដ្ឋ រួចយកទៅជូតលើរបស់ទាំងនោះ វានឹងជួយកម្ចាត់ស្នាមប្រឡាក់ និងធ្វើឱ្យគ្រឿងប្រាក់ភ្លឺរលោងភ្លាមៗ។
ក្រៅពីការសម្អាត សំបកចេកក៏មានប្រយោជន៍ក្នុងផ្ទះបាយផងដែរ ដោយវាអាចជួយឱ្យសាច់មានភាពទន់មិនស្ងួតរឹង។ ដោយសារក្នុងសំបកចេកមានអង់ស៊ីមដែលជួយបំបែកប្រូតេអ៊ីន អ្នកគ្រាន់តែដាក់សំបកចេកនៅពីលើ និងពីក្រោមសាច់ (ដូចជាសាច់ទ្រូងមាន់) មុនពេលយកទៅចម្អិន វានឹងជួយរក្សាសំណើមឱ្យសាច់ទន់ល្អគួរឱ្យចង់ទទួលទាន។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកគួរប្រើតែសំបកចេកដែលទើបតែបកថ្មីៗ និងជៀសវាងសំបកដែលរលួយខ្មៅ ដើម្បីរក្សារូបរាងវត្ថុប្រើប្រាស់ និងគុណភាពអាហាររបស់អ្នក៕