តើអ្នកឆ្ងល់ទេថា ហេតុអ្វីបានជាស្ត្រីជប៉ុនភាគច្រើនមានស្បែករលោង និងមើលទៅក្មេងជាងអាយុពិត?
យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រៅពីការប្រើប្រាស់គ្រឿងសម្អាង អាថ៌កំបាំងសំខាន់គឺស្ថិតនៅលើភេសជ្ជៈដែលពួកគេទទួលទានជារៀងរាល់ថ្ងៃដើម្បីជួយប្រឆាំងនឹងភាពចាស់ពីខាងក្នុង។ ភេសជ្ជៈដំបូងគេគឺ តែម៉ាច់ឆា ដែលជាតែបៃតងម្សៅសម្បូរទៅដោយសារធាតុ EGCG ដែលមានសមត្ថភាពប្រឆាំងអុកស៊ីតកម្មខ្លាំងជាងវីតាមីន E ជាច្រើនដង ជួយការពារស្បែកពីការរលាក និងពន្យារស្នាមជ្រួញយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះក៏មាន អាម៉ាហ្សាកេ ដែលត្រូវបានគេដាក់រហ័សនាមថា “សេរ៉ូមសម្រាប់ផឹក” ដោយសារវាសម្បូរទៅដោយវីតាមីន B និងអាស៊ីតអាមីណូដែលជួយផ្ដល់សំណើមដល់ស្បែក និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ដែលជាគ្រឹះនៃស្បែកភ្លឺថ្លា។
ភេសជ្ជៈពេញនិយមផ្សេងទៀតរួមមាន តែស្រូវសាលីដុត ឬ Mugicha ដែលគ្មានជាតិកាហ្វេអ៊ីន និងជួយជំរុញចរន្តឈាមឱ្យរត់បានស្រួល ធ្វើឱ្យស្បែកមានពន្លឺចែងចាំងមានសុខភាពល្អ។ ចំណែកឯទឹកខ្មេះផ្លែឈើវិញ ត្រូវបានគេទទួលទានដើម្បីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលជាសត្រូវចម្បងបំផ្លាញកូឡាជែនក្នុងស្បែក និងជួយឱ្យស្បែកមិនស្រអាប់។
ជាចុងក្រោយគឺ តែសូបា ដែលផលិតពីគ្រាប់ស្រូវសាលីអាំង សម្បូរដោយសារធាតុ Rutin ជួយពង្រឹងសរសៃឈាម និងជំរុញការបញ្ជូនសារធាតុចិញ្ចឹមទៅកាន់ស្បែកបានកាន់តែប្រសើរ។ ការផ្លាស់ប្ដូរពីភេសជ្ជៈផ្អែមមកទទួលទានភេសជ្ជៈធម្មជាតិទាំងនេះឱ្យបានទៀងទាត់ គឺជាវិធីសាស្ត្រដ៏សាមញ្ញបំផុតក្នុងការថែរក្សាសម្រស់ឱ្យនៅតែក្មេងជាងវ័យដោយមិនចាំបាច់ប្រើកម្មវិធីកែរូបភាពឡើយ៕