តើអ្នកធ្លាប់មានអារម្មណ៍ធុញទ្រាន់ និងអស់កម្លាំងចិត្ត ទោះបីជាការងារមិនសូវមមាញឹកមែនទេ? នេះគឺជាសញ្ញានៃ «ជំងឺច្រែះស៊ី» ដែលកើតឡើងនៅពេលការងាររបស់អ្នកងាយស្រួលពេក ឬដដែលៗគ្មានការប្រឈម រហូតធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ។
យោងតាមការចុះផ្សាយពីប្រភពបរទេស ស្ថានភាពនេះគ្រោះថ្នាក់មិនចាញ់ការធ្វើការងារហួសកម្លាំងឡើយ ព្រោះវាជាឃាតករលាក់មុខដែលបំផ្លាញសមត្ថភាព និងសុខភាពផ្លូវចិត្តរបស់អ្នកបន្តិចម្ដងៗ។
ការរស់នៅក្នុងស្ថានភាពបែបនេះយូរអង្វែង នឹងធ្វើឱ្យខួរក្បាលបាត់បង់គំនិតច្នៃប្រឌិត និងរេចរឹលទំនុកចិត្តលើខ្លួនឯង ប្រៀបដូចជាដែកដែលទុកចោលមិនប្រើប្រាស់រហូតត្រូវច្រែះស៊ីបំផ្លាញ។ វាមិនត្រឹមតែធ្វើឱ្យអ្នកបាត់បង់ផលិតភាពការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំទៅរកបញ្ហាបាក់ទឹកចិត្ត និងការថប់បារម្ភក្នុងជីវិតទៀតផង។
ដើម្បីព្យាបាលជំងឺនេះ អ្នកត្រូវហ៊ានដើរចេញពីភាពសុខស្រួលដែលគ្មានន័យ ដោយការស្វែងរកបញ្ហាប្រឈមថ្មីៗ ឬស្នើសុំការងារដែលផ្ដល់ឱកាសឱ្យអ្នកបានរៀនសូត្របន្ថែម។ ប្រសិនបើកន្លែងការងារបច្ចុប្បន្នមិនអាចផ្ដល់តម្លៃឱ្យអ្នកបានទេ ការឆ្លៀតពេលអភិវឌ្ឍជំនាញថ្មីៗ ឬស្វែងរកចំណង់ចំណូលចិត្តផ្សេងៗ គឺជាថ្នាំព្យាបាលដ៏ល្អប្រសើរដើម្បីជម្រះ «ច្រែះ» ចេញពីជីវិត និងស្រោចស្រង់អនាគតរបស់អ្នកឡើងវិញ៕