យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលរៀបចំម្ហូបអាហារ មនុស្សជាច្រើនតែងមានចម្ងល់ថា តើសរសៃខ្មៅវែងៗដែលស្ថិតនៅតាមបណ្តោយខ្នងបង្គាគឺជាអ្វី ហើយវាមានគ្រោះថ្នាក់ដល់សុខភាពដែរឬទេ។ ការពិតទៅ សរសៃខ្មៅនោះគឺជាពោះវៀនរបស់បង្គា ដែលមានពណ៌ខ្មៅដោយសារតែវាស៊ីអាហារប្រភេទសារាយ និងផ្លង់តុងជាអាហារ។
បើនិយាយពីសុវត្ថិភាព ការទទួលទានសរសៃខ្មៅនេះមិនបង្កគ្រោះថ្នាក់ដល់រាងកាយនោះទេ ហើយថែមទាំងមានផ្ទុកនូវសារធាតុចិញ្ចឹមមួយចំនួនដូចជា វីតាមីនអា វីតាមីនបេ១២ កាល់ស្យូម និងផូស្វ័រទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តដកសរសៃខ្មៅនេះចេញ ឬទុក គឺអាស្រ័យទៅលើចំណង់ចំណូលចិត្ត និងសោភណភាពនៃមុខម្ហូប។ មូលហេតុចម្បងដែលចុងភៅ ឬមេផ្ទះភាគច្រើនចូលចិត្តដកវាចេញ គឺដោយសារតែសរសៃខ្មៅនេះជួនកាលអាចមានរសជាតិល្វីងតិចៗ ឬមានកម្ទេចខ្សាច់តូចៗដែលធ្វើឱ្យរំខានដល់រសជាតិឆ្ងាញ់របស់សាច់បង្គា។ ការដកវាចេញក៏ជួយឱ្យមុខម្ហូបមើលទៅមានអនាម័យ និងមានសោភណភាពទាក់ទាញជាងមុនផងដែរ។
សម្រាប់វិធីសាស្ត្រក្នុងការយកវាចេញវិញគឺងាយស្រួលបំផុត ដោយអ្នកគ្រាន់តែលាងបង្គាឱ្យស្អាត រួចប្រើកាំបិតវះស្រាលៗតាមបណ្តោយខ្នង ឬប្រើឈើចាក់ធ្មេញឆ្កឹះវាចេញជាការស្រេច។ អ្វីដែលគួរប្រុងប្រយ័ត្ន គឺមិនត្រូវប្រើកម្លាំងទាញខ្លាំងពេកឡើយ ព្រោះវាអាចធ្វើឱ្យសរសៃនោះដាច់កណ្តាលទី ឬធ្វើឱ្យខូចរូបរាងសាច់បង្គា។
សរុបមក បើទោះបីជាការញ៉ាំសរសៃខ្មៅខ្នងបង្គាមិនមែនជារឿងខុសឆ្គង ប៉ុន្តែការចំណាយពេលបន្តិចដើម្បីដកវាចេញ នឹងធ្វើឱ្យម្ហូបរបស់អ្នកកាន់តែមានរសជាតិឥតខ្ចោះ និងគួរឱ្យចង់ទទួលទាន៕