យោងតាមការចុះផ្សាយពីប្រភពបរទេស តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាកាហ្វេខ្មៅដែលផ្សំឡើងពីអេសប្រេសសូ និងទឹកក្តៅ បែរជាមានឈ្មោះថា “អាម៉េរិកាណូ” (Americano) ទៅវិញ?
រឿងរ៉ាវនេះមានប្រភពដើមដ៏គួរឱ្យចាប់អារម្មណ៍តាំងពីសម័យសង្គ្រាមលោកលើកទី ២។ ក្នុងអំឡុងពេលនោះ ទាហានអាម៉េរិកដែលឈរជើងនៅប្រទេសអ៊ីតាលី បានជួបប្រទះនឹងវប្បធម៌កាហ្វេអ៊ីតាលីដ៏ខ្លាំងក្លាគឺ “អេសប្រេសសូ”។ ដោយសារទម្លាប់របស់ជនជាតិអាម៉េរិកចូលចិត្តផឹកកាហ្វេដែលមានរសជាតិស្រាល និងមានបរិមាណច្រើន ពួកគេមានអារម្មណ៍ថាអេសប្រេសសូរបស់អ៊ីតាលីមានរសជាតិល្វីងខ្លាំងពេក និងមានបរិមាណតិចតួចពេក ពិបាកនឹងទទួលទាន។
ដើម្បីឱ្យកាហ្វេនោះមានរសជាតិស្រដៀងនឹងកាហ្វេនៅផ្ទះរបស់ពួកគេ ទាហានអាម៉េរិកទាំងនោះបានចាប់ផ្តើមចាក់ទឹកក្តៅបន្ថែមទៅក្នុងកាហ្វេអេសប្រេសសូ ដើម្បីលាយវាឱ្យស្រាលជាងមុន។ ជនជាតិអ៊ីតាលីដែលបានឃើញទម្លាប់នេះ ក៏បានដាក់ឈ្មោះឱ្យកាហ្វេប្រភេទនេះតាមបែបចំអកឡកឡឺយបន្តិចថា “Caffè Americano” ដែលមានន័យថា “កាហ្វេបែបអាម៉េរិក” ឬ “កាហ្វេសម្រាប់ជនជាតិអាម៉េរិក”។ ចាប់តាំងពីពេលនោះមក ឈ្មោះនេះក៏បានជាប់ការផ្សាយ និងល្បីល្បាញរហូតក្លាយជាមុខម្ហូបកាហ្វេស្ដង់ដាមួយនៅក្នុងហាងកាហ្វេជុំវិញពិភពលោក។
លក្ខណៈពិសេសដែលធ្វើឱ្យអាម៉េរិកាណូខុសពីកាហ្វេខ្មៅដទៃទៀត គឺវិធីសាស្រ្តឆុងដែលផ្អែកលើអេសប្រេសសូជាគោល។ ជាទូទៅ រូបមន្តដែលត្រឹមត្រូវគឺត្រូវចាក់កាហ្វេអេសប្រេសសូចូលក្នុងពែងជាមុនសិន រួចទើបបន្ថែមទឹកក្តៅតាមសមាមាត្រ ១ ភាគ ៣ ឬតាមចំណង់ចំណូលចិត្ត។ ការធ្វើបែបនេះនឹងជួយឱ្យស្រទាប់ពពុះកាហ្វេ ឬ “ក្រេម៉ា” លាយចូលទៅក្នុងទឹកយ៉ាងល្អ បង្កើតបាននូវរសជាតិកាហ្វេដែលរលោង ស្រទន់ និងងាយស្រួលទទួលទាន តែនៅតែរក្សានូវក្លិនក្រអូបឈ្ងុយឈ្ងប់ដដែល។
ក្រៅពីរសជាតិឆ្ងាញ់ អាម៉េរិកាណូក៏ត្រូវបានគេស្គាល់ថាជាភេសជ្ជៈផ្ដល់ថាមពល និងជួយជំរុញប្រព័ន្ធម៉េតាប៉ូលីសយ៉ាងពូកែសម្រាប់អ្នកដែលចង់ថែរក្សាសុខភាពផងដែរ៕