យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់មនុស្សជាច្រើន រសជាតិហឹរគឺជាចំណង់ចំណូលចិត្តដែលមិនអាចខ្វះបានក្នុងរបបអាហារប្រចាំថ្ងៃ ប៉ុន្តែតាមបច្ចេកទេសវេជ្ជសាស្ត្រ ភាពហឹរមិនមែនជារសជាតិពិតប្រាកដនោះទេ តែវាគឺជាការឈឺចាប់ដែលបង្កឡើងដោយសារធាតុ Capsaicin នៅក្នុងម្ទេស។
ប្រសិនបើអ្នកទទួលទានអាហារហឹរខ្លាំង និងញឹកញាប់ពេក រាងកាយនឹងចាប់ផ្តើមបញ្ចេញសញ្ញាអាសន្នតាមរយៈបញ្ហាសុខភាពមួយចំនួន។ ដំបូងបង្អស់គឺបញ្ហារាករូសភ្លាមៗ ដែលកើតឡើងដោយសារសារធាតុ Capsaicin ជំរុញឱ្យក្រពះ និងពោះវៀនកន្ត្រាក់ខ្លាំង និងលឿនជាងធម្មតា ដើម្បីកម្ចាត់ជាតិហឹរចេញពីក្នុងខ្លួនឱ្យបានឆាប់បំផុត ដែលធ្វើឱ្យពោះវៀនគ្មានពេលគ្រប់គ្រាន់ក្នុងការស្រូបយកជាតិទឹក និងសារធាតុចិញ្ចឹម។
ក្រៅពីការរំខានដល់ប្រព័ន្ធបន្ទោបង់ ការញ៉ាំហឹរខ្លាំងក្នុងរយៈពេលយូរ ក៏អាចបណ្តាលឱ្យមានជំងឺរលាកក្រពះរ៉ាំរ៉ៃផងដែរ។ ជាតិហឹរនឹងធ្វើឱ្យស្រទាប់ការពារក្រពះរងការរលាក ហើម និងឡើងក្រហម ព្រមទាំងជម្រុញឱ្យក្រពះផលិតអាស៊ីតកាន់តែច្រើន ដែលនាំឱ្យមានការឈឺចាប់ក្រហាយចុងដង្ហើមភ្លាមៗ។ ស្ថានភាពនេះក៏ជាសត្រូវធំរបស់អ្នកដែលមានជំងឺច្រាលអាស៊ីតក្រពះព្រោះវាធ្វើឱ្យសាច់ដុំបំពង់អាហារផ្នែកខាងក្រោមចុះខ្សោយ បណ្តាលឱ្យអាស៊ីតហូរត្រឡប់ទៅក្នុងបំពង់អាហារវិញ ដែលបង្កឱ្យមានអារម្មណ៍ក្រហាយក្នុងទ្រូងយ៉ាងខ្លាំង។ ប្រសិនបើទុកឱ្យរ៉ាំរ៉ៃ វាមិនត្រឹមតែបំផ្លាញស្រទាប់ពោះវៀនឱ្យកើតដំបៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនហានិភ័យនៃជំងឺមហារីកបំពង់អាហារ និងមហារីកពោះវៀនធំនៅថ្ងៃអនាគតទៀតផង។
ដើម្បីញ៉ាំអាហារហឹរដោយសុវត្ថិភាព អ្នកគួរព្យាយាមកាត់បន្ថយកម្រិតហឹរឱ្យនៅត្រឹមសមល្មម និងមិនគួរញ៉ាំហឹររាល់ពេលនោះទេ ដើម្បីទុកពេលឱ្យប្រព័ន្ធរំលាយអាហារបានសម្រាក និងព្យាបាលខ្លួនឯង។ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួល ឬក្រហាយក្នុងពោះខ្លាំងបន្ទាប់ពីញ៉ាំរួច គួរឈប់ញ៉ាំភ្លាម និងផឹកទឹក ឬទឹកដោះគោដើម្បីជួយកាត់បន្ថយការរលាក។ ជាពិសេស ស្ត្រីមានផ្ទៃពោះ អ្នកទើបនឹងវះកាត់រួច និងអ្នកដែលមានជំងឺក្រពះស្រាប់ គួរតែចៀសវាងអាហារហឹរជាដាច់ខាត ដើម្បីការពារកុំឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ និងដើម្បីរក្សាសុខភាពឱ្យបានល្អយូរអង្វែង៕