យោងតាមការចុះផ្សាយពីប្រភពបរទេស ប្រអប់ស្នោភាគច្រើនដែលចរាចរលើទីផ្សារត្រូវបានផលិតចេញពីសារធាតុ Polystyrene ដែលជាប្រភេទផ្លាស្ទិកស្រាល និងងាយស្រួលប្រើប្រាស់។
ទោះបីជាវាត្រូវបានចាត់ទុកថាមានសុវត្ថិភាពក្នុងកម្រិតធម្មតា ប៉ុន្តែវាអាចក្លាយជាប្រភពគ្រោះថ្នាក់ដល់សុខភាព ប្រសិនបើផលិតចេញពីវត្ថុធាតុដើមមិនស្អាត (មានផ្ទុកសំណ ឬកាត់ម្យូម) ឬប្រើប្រាស់ខុសបច្ចេកទេស។ បញ្ហាធំបំផុតនោះគឺនៅពេលដែលប្រអប់ស្នោប៉ះជាមួយអាហារដែលមានកម្ដៅខ្ពស់លើសពី ៧០ អង្សាសេ វានឹងបញ្ចេញសារធាតុ Styrene ដែលជាជាតិពុលម្យ៉ាង អាចជ្រាបចូលក្នុងអាហារ និងបង្កហានិភ័យដល់សុខភាពក្នុងរយៈពេលវែង។
ក្រៅពីសីតុណ្ហភាពខ្ពស់ សារធាតុពុលក្នុងប្រអប់ស្នោក៏ងាយនឹងបញ្ចេញមកក្រៅផងដែរ នៅពេលវាប៉ះពាល់ជាមួយអាហារដែលមានជាតិខ្លាញ់ខ្ពស់ ជាតិប្រៃខ្លាំង ឬជាតិអាស៊ីត (ដូចជាជ្រក់ ញាំដាក់ទឹកខ្មេះ ឬទឹកក្រូចឆ្មារ)។ ដើម្បីធានាសុវត្ថិភាព លោកអ្នកមិនគួរប្រើប្រាស់ប្រអប់ស្នោសម្រាប់ដាក់អាហារក្ដៅៗ ទឹកពុះ ឬអាហារដែលមានជាតិខ្លាញ់ច្រើនឡើយ ហើយជាដាច់ខាតមិនត្រូវយកប្រអប់ស្នោទៅកម្ដៅក្នុងឡមីក្រូវ៉េវ នោះទេ។ អនុសាសន៍ដ៏ល្អបំផុតគឺគួរប្រើប្រាស់ប្រអប់ស្នោតែម្ដងគត់សម្រាប់អាហារត្រជាក់ និងចៀសវាងការទុកដាក់អាហារក្នុងនោះរយៈពេលយូរអង្វែង។
ដើម្បីការពារសុខភាពក្រុមគ្រួសារ លោកអ្នកគួរផ្លាស់ប្តូរទម្លាប់មកប្រើប្រាស់ប្រអប់ដាក់អាហារដែលផលិតពីសម្ភារៈមានសុវត្ថិភាពខ្ពស់ជាងមុន ដូចជាកែវ អ៊ីណុក ឬសេរ៉ាមិច ជំនួសឱ្យប្រអប់ស្នោ ជាពិសេសសម្រាប់អាហារដែលនៅក្ដៅ។ ការជ្រើសរើសសម្ភារៈវេចខ្ចប់ដែលមានប្រភពច្បាស់លាស់ និងអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ គឺជាជំហានដ៏សំខាន់ក្នុងការកាត់បន្ថយការស្រូបយកជាតិគីមីចូលក្នុងរាងកាយ៕