យោងតាមការចុះផ្សាយពីប្រភពបរទេស ទោះបីជាទឹកខ្មេះប៉ោមមានអត្ថប្រយោជន៍ច្រើនក្នុងការសម្រកទម្ងន់ និងគ្រប់គ្រងជាតិស្ករ ប៉ុន្តែអ្នកជំនាញវេជ្ជសាស្ត្របានព្រមានថា ការប្រើប្រាស់លើសកម្រិត ឬមិនបានពន្យឺតជាតិអាស៊ីត អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់រាងកាយ។
គ្រោះថ្នាក់ដំបូងគេគឺការរលាកបំពង់អាហារ និងការបំផ្លាញស្រទាប់ធ្មេញ ដោយសារជាតិអាស៊ីតខ្ពស់របស់វាអាចទៅកាត់បំផ្លាញជាលិកាបំពង់អាហារ និងធ្វើឱ្យធ្មេញងាយសឹករឹត ប្រសិនបើអ្នកផឹកវាដោយមិនបានលាយជាមួយទឹកឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ ទឹកខ្មេះប៉ោមក៏អាចបណ្ដាលឱ្យមានបញ្ហាប្រព័ន្ធរំលាយអាហារ ដូចជាការចង់ក្អួត ឬពិបាករំលាយអាហារ ជាពិសេសនៅពេលដែលអ្នកទទួលទានវានៅពេលពោះទទេជ្រុល។
ហានិភ័យដ៏គួរឱ្យបារម្ភមួយទៀត គឺសមត្ថភាពរបស់វាក្នុងការរំខានដល់ប្រសិទ្ធភាពនៃថ្នាំពេទ្យមួយចំនួន ដូចជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំបេះដូង និងថ្នាំបញ្ចុះទឹកនោម ដែលអាចធ្វើឱ្យស្ថានភាពជំងឺកាន់តែអាក្រក់។ លើសពីនេះ ទឹកខ្មេះប៉ោមមិនស័ក្តិសមសម្រាប់អ្នកដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមទាប ឬអ្នកមានជំងឺតម្រងនោមឡើយ ព្រោះតម្រងនោមដែលខ្សោយមិនអាចចម្រោះជាតិអាស៊ីតខ្ពស់ចេញពីរាងកាយបានល្អនោះទេ។
ដើម្បីប្រើប្រាស់ឱ្យមានសុវត្ថិភាព លោកអ្នកគួរលាយទឹកខ្មេះប៉ោមជាមួយទឹកជានិច្ច ប្រើបំពង់បឺតដើម្បីការពារធ្មេញ និងកម្រិតការប្រើប្រាស់ឱ្យនៅត្រឹមមិនលើសពី ២ ទៅ ៤ ស្លាបព្រាបាយក្នុងមួយថ្ងៃ ឬប្រើវាជាគ្រឿងផ្សំក្នុងអាហារជំនួសឱ្យការផឹកផ្ទាល់៕