ការចូលរួមកម្មវិធីសង្គម ឬការជួបជុំមិត្តភក្តិជារឿងដែលមិនអាចខ្វះបាន ប៉ុន្តែការផឹកដោយគ្មានការគ្រប់គ្រងអាចប្រែជាគ្រោះថ្នាក់។ យោងតាមប្រភពបរទេស ការយល់ដឹងពី “សិល្បៈនៃការផឹក” គឺជាអាវក្រោះការពារសុខភាពដ៏ល្អបំផុតរបស់អ្នក។
គន្លឹះដំបូងគឺការស្គាល់ពីកម្រិតជាតិអាល់កុលក្នុងភេសជ្ជៈនីមួយៗ ព្រោះស្រាបៀរ (៥%) ស្រាទំពាំងបាយជូរ (១០%) និងស្រាវីស្គី (៣៥-៤០%) ផ្ដល់ផលប៉ះពាល់ដល់រាងកាយខុសៗគ្នា។
ដើម្បីរក្សាសុខភាពឱ្យនៅមាំមួន អ្នកត្រូវស្គាល់ពីដែនកំណត់នៃរាងកាយ។ ការផឹកម្ដងម្កាលក្នុងកម្មវិធីសប្បាយៗ មិនផ្ដល់ផលអាក្រក់ខ្លាំងដូចការផឹកជាទម្លាប់ប្រចាំថ្ងៃនោះទេ។ ជាតិអាល់កុលនឹងក្លាយជា “ឃាតករលាក់មុខ” ប្រសិនបើអ្នកទទួលទានលើសពី ៤-៥ កែវក្នុងមួយថ្ងៃក្នុងរយៈពេលយូរ ព្រោះវាហួសពីសមត្ថភាពដែលថ្លើមអាចបន្សុទ្ធបាន។ ជាពិសេស ចំពោះអ្នកដែលមានជំងឺប្រចាំកាយ ការចៀសវាងគ្រឿងស្រវឹងគឺជាជម្រើសដ៏ឆ្លាតវៃបំផុត ដើម្បីការពារប្រព័ន្ធរំលាយអាហារ និងថ្លើមពីការខូចខាតដែលមិនអាចស្រោចស្រង់បាន។
សរុបមក ការផឹកក្នុងកម្រិតមធ្យម មិនត្រឹមតែជួយរក្សាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាកិត្តិយស និងសុវត្ថិភាពរបស់អ្នកទៀតផង។ ចូរចងចាំថា អ្នកអាចសប្បាយជាមួយការជួបជុំបាន ប៉ុន្តែមិនត្រូវឱ្យគ្រឿងស្រវឹងមកបំផ្លាញទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នក នោះគឺ “សុខភាព” ឡើយ៕