យោងតាមការចុះផ្សាយពីប្រភពបរទេស ការស្ងោរស៊ុតក្នុងឡបំពងខ្យល់គឺជាបច្ចេកទេសដ៏ងាយស្រួល និងទំនើប ប៉ុន្តែវាអាចក្លាយជាគ្រោះថ្នាក់ប្រសិនបើអ្នកប្រើប្រាស់កម្រិតកម្ដៅមិនបានត្រឹមត្រូវ។
ខុសពីម៉ាស៊ីនមីក្រូវ៉េវដែលបង្កឱ្យមានការផ្ទុះដោយសាររលកអេឡិចត្រូម៉ាញេទិកជំរុញសម្ពាធទឹកក្នុងស៊ុតខ្លាំងពេក ឡបំពងខ្យល់ដំណើរការដោយការបាញ់ខ្យល់ក្ដៅឱ្យចរាចរជុំវិញសំបកស៊ុត ដែលជាការផ្ដល់កម្ដៅសន្សឹមៗពីខាងក្រៅចូលទៅខាងក្នុងយ៉ាងមានសុវត្ថិភាព។ ដើម្បីទទួលបានស៊ុតស្ងោរដែលមានកម្រិតឆ្អិនល្អឥតខ្ចោះ និងមិនផ្ទុះបែកខ្ទាតពេញម៉ាស៊ីន លោកអ្នកគួរកំណត់សីតុណ្ហភាពត្រឹម ១០០°C ដោយប្រើរយៈពេល ១០ នាទីសម្រាប់ស៊ុតធម្មតា ឬ ១៥ ទៅ ១៦ នាទីសម្រាប់ស៊ុតឆ្អិនជ័រភ្នៅ និងឆ្អិនរឹង។
អ្វីដែលសំខាន់បំផុតដើម្បីធានាសុវត្ថិភាព គឺលោកអ្នកមិនគួរប្រើសីតុណ្ហភាពខ្ពស់លើសពី ១៣០°C ឡើយ ព្រោះវាអាចបង្កើតសម្ពាធខ្លាំងរហូតបណ្ដាលឱ្យប្រេះសំបកស៊ុតបាន។ បន្ទាប់ពីចម្អិនរួច ការយកស៊ុតទៅត្រាំក្នុងទឹកត្រជាក់ភ្លាមៗគឺជាជំហានដែលមិនអាចខ្វះបាន ដើម្បីបញ្ឈប់ដំណើរការចម្អិន និងជួយឱ្យបកសំបកបានយ៉ាងងាយស្រួលបំផុត។ វិធីសាស្ត្រនេះមិនត្រឹមតែជួយសន្សំសំចៃពេលវេលា និងមិនបាច់ឈរមើលចង្ក្រានឡើយ ប៉ុន្តែថែមទាំងជួយឱ្យការរៀបចំអាហារពេលព្រឹករបស់អ្នកកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់៕