យោងតាមការចុះផ្សាយពីប្រភពបរទេស ជំនឿដែលថាការផឹកទឹកត្រជាក់ធ្វើឱ្យកកឈាមរដូវ ឬបង្កើនការឈឺចាប់ក្នុង “ថ្ងៃក្រហម” គឺជាការយល់ច្រឡំដ៏ពេញនិយមបំផុតមួយ ប៉ុន្តែតាមពិតទៅ វាមិនទាន់មានភស្តុតាងវេជ្ជសាស្ត្រណាមួយបញ្ជាក់ថាវាជាការពិតឡើយ។
ការផឹកទឹកត្រជាក់មិនបានប៉ះពាល់ដល់ដំណើរការកន្ត្រាក់របស់ស្បូនដោយផ្ទាល់នោះទេ។ មូលហេតុពិតប្រាកដដែលអ្នកជំនាញជារឿយៗណែនាំឱ្យផ្អាកការផឹកទឹកត្រជាក់ ឬញ៉ាំការ៉េមក្នុងអំឡុងពេលនេះ គឺដោយសារប្រព័ន្ធភាពស៊ាំរបស់ស្ត្រីមានការចុះខ្សោយ និងមានការប្រែប្រួលអ័រម៉ូនខ្លាំង ដែលធ្វើឱ្យរាងកាយងាយនឹងរងការវាយប្រហារពីមេរោគ និងជំងឺផ្ដាសាយផ្សេងៗ នៅពេលសីតុណ្ហភាពរាងកាយប្រែប្រួលភ្លាមៗ។
ចំពោះបញ្ហាឈឺពោះមករដូវដែលស្ត្រីភាគច្រើនបារម្ភ គឺបណ្តាលមកពីការកន្ត្រាក់នៃសាច់ដុំស្បូនតាមរយៈការជំរុញពីអ័រម៉ូនម្យ៉ាងដែលមានឈ្មោះថា Prostaglandins។ ប្រសិនបើរាងកាយរបស់អ្នកផលិតអ័រម៉ូននេះច្រើន វានឹងធ្វើឱ្យស្បូនកន្ត្រាក់ខ្លាំង និងបង្កជាការឈឺចាប់ ដែលវាមិនមែនកើតចេញពីទឹកត្រជាក់ដែលអ្នកបានផឹកនោះឡើយ។
ទោះជាយ៉ាងណា ដើម្បីថែរក្សាសុខភាពឱ្យបានល្អ និងមានផាសុកភាព អ្នកគួរងាកមកទទួលទានទឹកក្តៅឧណ្ហៗវិញ ព្រោះវាជួយរក្សាសីតុណ្ហភាពរាងកាយឱ្យមានតុល្យភាព ជួយឱ្យសាច់ដុំសម្រាក និងកាត់បន្ថយអារម្មណ៍តានតឹងបានយ៉ាងប្រសើរ។ ក្រៅពីរបបអាហារ ការសម្រាកឱ្យបានគ្រប់គ្រាន់ និងការយកចិត្តទុកដាក់ខ្ពស់លើអនាម័យប្រដាប់ភេទ ក៏ជាកត្តាសំខាន់ដែលមិនអាចខ្វះបាន ដើម្បីការពារការឆ្លងមេរោគក្នុងអំឡុងពេលដែលមាត់ស្បូនបើកទូលាយជាងធម្មតា៕