ការជ្រើសរើសប្រភេទអង្ករមកទទួលទានមិនមែនត្រឹមតែដើម្បីឆ្អែតពោះនោះទេ ប៉ុន្តែវាគឺជាគន្លឹះសំខាន់ក្នុងការរៀបចំរាងកាយឱ្យមានសុខភាពល្អ និងសម្រស់ស្រស់ស្អាត។ យោងតាមការចុះផ្សាយពីប្រភពបរទេស តម្លៃអាហារូបត្ថម្ភរវាងអង្ករស អង្ករសំរូប និងគីណូអា មានភាពខុសគ្នាខ្លាំងដែលអ្នកមិនគួរមើលរំលង៖
ប្រសិនបើអ្នកចូលចិត្តភាពងាយស្រួល និងរសជាតិឆ្ងាញ់ អង្ករស នៅតែជាជម្រើសចម្បងព្រោះវាទន់ និងងាយស្រួលរំលាយ ដែលស័ក្តិសមបំផុតសម្រាប់កុមារ មនុស្សចាស់ ឬអ្នកដែលត្រូវការថាមពលប្រើប្រាស់ភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលចង់រក្សារាងត្រូវប្រុងប្រយ័ត្នបន្តិច ព្រោះអង្ករសសម្បូរជាតិស្ករ និងមានជាតិសរសៃទាប ដែលអាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់យ៉ាងរហ័សប្រសិនបើញ៉ាំច្រើនហួសកម្រិត។
សម្រាប់អ្នកដែលចង់ “ញ៉ាំដើម្បីការពារជំងឺ” និងគ្រប់គ្រងទម្ងន់ឱ្យបានយូរអង្វែង អង្ករសំរូប គឺជាអាថ៌កំបាំងដ៏វិសេស។ ដោយសារវាមានជាប់ស្រទាប់កន្ទក់ អង្ករប្រភេទនេះសម្បូរទៅដោយជាតិសរសៃ និងវីតាមីន ដែលជួយឱ្យអ្នកឆ្អែតបានយូរ មិនងាយឃ្លានផ្ដេសផ្ដាស និងជួយពន្យឺតការស្រូបយកជាតិស្ករក្នុងឈាម។ វាគឺជាមិត្តដ៏ល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ និងអ្នកដែលចង់ជៀសឆ្ងាយពីជំងឺទឹកនោមផ្អែម។
ប៉ុន្តែប្រសិនបើអ្នកជាអ្នកស្រឡាញ់ការហាត់ប្រាណ ចង់បានរាងស្លីមមាំមួន និងសាច់ដុំស្អាត គីណូអា គឺជា “កំពូលអាហារ” ដែលមិនអាចខ្វះបាន។ វាផ្ដល់នូវប្រូតេអ៊ីនខ្ពស់ជាងអង្ករធម្មតា និងមានអាស៊ីតអាមីណូសំខាន់ៗគ្រប់គ្រាន់សម្រាប់រាងកាយ។ ទោះបីវាមានតម្លៃថ្លៃបន្តិច ប៉ុន្តែជាតិសរសៃដ៏សម្បូរបែប និងកម្រិតជាតិស្ករទាបបំផុតរបស់វា នឹងជួយឱ្យអ្នករក្សារាងបានយ៉ាងមានប្រសិទ្ធភាព និងរហ័សទាន់ចិត្ត។
សរុបមក គន្លឹះនៃការមានសុខភាពល្អ និងរាងស្អាត គឺស្ថិតលើការជ្រើសរើសឱ្យត្រូវនឹងតម្រូវការ៖ ចង់ងាយស្រួលរំលាយជ្រើសរើស អង្ករស ចង់គ្រប់គ្រងជាតិស្ករ និងសម្រកទម្ងន់ជ្រើសរើស អង្ករសំរូប ហើយបើចង់បានប្រូតេអ៊ីនខ្ពស់ដើម្បីរាងមាំមួន គីណូអា គឺជាចម្លើយ។ ការញ៉ាំដោយមានការចេះដឹង គឺជាជំហានដំបូងនៃជីវិតដែលគ្មានជំងឺ៕