យោងតាមការចុះផ្សាយពីប្រភពបរទេស ការដើរ ឬឈរពេញមួយថ្ងៃអាចធ្វើឱ្យជើងរបស់អ្នកហើម និងឈឺចាប់ខ្លាំង។ មនុស្សភាគច្រើនយល់ថាការត្រាំទឹកក្ដៅឧណ្ហៗគឺជាជម្រើសល្អបំផុត ប៉ុន្តែការពិតតាមបែបវេជ្ជសាស្ត្រអាចនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល។
ប្រសិនបើជើងរបស់អ្នកកំពុងឈឺចាប់ និងហើមដោយសារការរលាកសាច់ដុំ ការត្រាំ “ទឹកត្រជាក់” គឺជាជម្រើសត្រឹមត្រូវបំផុត ព្រោះវាជួយបង្រួមសរសៃឈាម និងកាត់បន្ថយសារធាតុរលាក ដែលធ្វើឱ្យការឈឺចាប់ និងការហើមថយចុះភ្លាមៗ។
ផ្ទុយទៅវិញ ការត្រាំ “ទឹកក្ដៅឧណ្ហៗ” ស័ក្តិសមបំផុតសម្រាប់តែការបន្ធូរអារម្មណ៍ និងជួយឱ្យគេងលក់ស្រួលប៉ុណ្ណោះ ព្រោះវាជួយសម្រួលដល់ចរន្តឈាមឱ្យដើរបានល្អ។ អ្នកអាចត្រាំទឹកក្ដៅក្នុងសីតុណ្ហភាពប្រហែល ៣៦-៣៨ អង្សាសេ រយៈពេល ១០-១៥ នាទីមុនពេលចូលគេង ដើម្បីទទួលបានអារម្មណ៍ធូរស្រាល។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកគួរប្រុងប្រយ័ត្នមិនត្រូវត្រាំជើងឡើយប្រសិនបើមានមុខរបួសចំហ ហើយចំពោះអ្នកជំងឺទឹកនោមផ្អែម មិនគួរត្រាំជើងក្នុងទឹកដោយខ្លួនឯងនោះទេ ព្រោះបញ្ហាសរសៃប្រសាទអាចធ្វើឱ្យអ្នកមិនដឹងពីសីតុណ្ហភាពពិតប្រាកដ ដែលងាយបង្កឱ្យរលាកស្បែកដោយអចេតនា។
ជារួមមក ប្រសិនបើចង់បាត់ឈឺ និងហើមសាច់ដុំលឿន ចូរជ្រើសរើសទឹកត្រជាក់ ប៉ុន្តែបើចង់សម្រាកបាត់ហត់ និងគេងលក់ស្រួល ចូរជ្រើសរើសទឹកក្ដៅឧណ្ហៗ៕