យោងតាមការផ្សាយពីប្រភពបរទេស កាហ្វេខ្មៅត្រូវបានគេទទួលស្គាល់ថាជាភេសជ្ជៈដ៏ពូកែក្នុងការជំរុញការរំលាយអាហារជាតិខ្លាញ់ ប៉ុន្តែប្រសិទ្ធភាពរបស់វានឹងកើនឡើងទ្វេដង ប្រសិនបើអ្នកចេះជ្រើសរើសពេលវេលាផឹកឱ្យបានត្រឹមត្រូវ។ ដើម្បីឱ្យការសម្រកទម្ងន់ទទួលបានលទ្ធផលឆាប់រហ័ស និងមានសុវត្ថិភាព អ្នកគួរអនុវត្តតាមគន្លឹះសំខាន់ៗខាងក្រោមនេះ។
ពេលវេលាដែលល្អបំផុតសម្រាប់ការផឹកកាហ្វេខ្មៅគឺ ចន្លោះពេលបាយ។ នៅពេលអ្នកមានអារម្មណ៍ស្រេកទឹក ឬឃ្លានអាហារសម្រន់ ការផឹកកាហ្វេខ្មៅមួយកែវ (ជំនួសឱ្យភេសជ្ជៈផ្អែម) នឹងជួយកាត់បន្ថយចំណង់អាហារ បន្ថយកម្រិតកាឡូរី និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាតិកាហ្វេអ៊ីននឹងទៅជំរុញប្រព័ន្ធមេតាប៉ូលីសឱ្យធ្វើការកាន់តែសកម្ម ដែលជួយឱ្យរាងកាយដុតបំផ្លាញកាឡូរីបានកាន់តែច្រើនពេញមួយថ្ងៃ។
ទោះជាយ៉ាងណា ដើម្បីទទួលបានរាងស្លីមប្រកបដោយចីរភាព អ្នកត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗមួយចំនួន។ ជាដំបូង ដាច់ខាតកុំបន្ថែមជាតិស្ករ ឬទឹកដោះគោ ព្រោះវាអាចបង្កើនចំនួនកាឡូរីភ្លាមៗ ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសាបសូន្យ។ បន្ទាប់មក អ្នកគួរ ជៀសវាងការផឹកកាហ្វេបន្ទាប់ពីថ្ងៃត្រង់ ដើម្បីការពារកុំឱ្យជាតិកាហ្វេអ៊ីនរំខានដល់ដំណេក ព្រោះការគេងមិនលក់គឺជាសត្រូវធំនៃការសម្រកទម្ងន់។
ជាចុងក្រោយ សូមចងចាំថា កាហ្វេខ្មៅគ្រាន់តែជាជំនួយការប៉ុណ្ណោះ វាមិនមែនជាថ្នាំទិព្វឡើយ។ អ្នកមិនត្រូវផឹកកាហ្វេជំនួសបាយនោះទេ ប៉ុន្តែត្រូវញ៉ាំអាហារឱ្យមានតុល្យភាពគ្រប់ក្រុមជីវជាតិ និងរួមផ្សំជាមួយការហាត់ប្រាណឱ្យបានទៀងទាត់។
ការគ្រប់គ្រងបរិមាណកាហ្វេអ៊ីនឱ្យបានត្រឹមត្រូវ មិនត្រឹមតែជួយឱ្យអ្នកមានរាងស្លីមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកមានស្មារតីស្រស់ស្រាយ និងមានសុខភាពល្អមាំមួនទៀតផង៕