យោងតាមការផ្សាយពីប្រភពបរទេស សម្រាប់បុរសដែលចង់បានរាងកាយមាំមួន ជាពិសេសចង់ឱ្យសាច់ដុំពោះលេចចេញជារាង ៦ កង់ ការជ្រើសរើសញ៉ាំផ្លែឈើឱ្យត្រូវតាមបច្ចេកទេសវិទ្យាសាស្ត្រគឺជាគន្លឹះដ៏សំខាន់។ បញ្ហាចម្បងមិនមែនស្ថិតលើកាឡូរីក្នុងផ្លែឈើនោះទេ ប៉ុន្តែគឺកម្រិត អាំងស៊ុយលីន ដែលកើនឡើងខ្ពស់នៅពេលយើងញ៉ាំជាតិស្ករ ដែលវាជំរុញឱ្យរាងកាយប្តូរថាមពលទៅជាការស្តុកទុកជាតិខ្លាញ់វិញ។
យុទ្ធសាស្ត្រដំបូងដែលបុរសៗគួរអនុវត្តគឺការជ្រើសរើសផ្លែឈើដែលមាន សន្ទស្សន៍គ្លីសេមិចទាប ដូចជា ផ្លែប៊ឺរី ផ្លែប៉ោមបៃតង គីវី ឬផ្លែបឺរ។ ផ្លែឈើក្រុមនេះបញ្ចេញជាតិស្ករចូលក្នុងឈាមយឺតៗ ជួយរក្សាថាមពលឱ្យមានស្ថិរភាព និងមិនបង្កឱ្យមានការកើនឡើងអាំងស៊ុយលីនភ្លាមៗ។ លើសពីនេះ ការញ៉ាំផ្លែឈើស្រស់ទាំងមូលគឺល្អជាងការផឹកទឹកផ្លែឈើ ព្រោះជាតិសរសៃនៅក្នុងសាច់ផ្លែឈើដើរតួជារបាំងការពារដែលបន្ថយល្បឿននៃការស្រូបយកជាតិស្ករ។
ចំណុចសំខាន់មួយទៀតគឺកម្រិតនៃភាពទុំរបស់ផ្លែឈើ។ លោកអ្នកគួរជ្រើសរើសផ្លែឈើដែលទុំល្មម ឬនៅខ្ចីបន្តិច ព្រោះផ្លែឈើកាន់តែទុំ ម្សៅកាន់តែច្រើនត្រូវបានបំប្លែងទៅជាជាតិស្ករសាមញ្ញដែលងាយស្រូបចូល។ ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែម អ្នកអាចញ៉ាំផ្លែឈើលាយជាមួយប្រូតេអ៊ីន ឬខ្លាញ់ល្អ (ដូចជាគ្រាប់ធញ្ញជាតិ ឬទឹកដោះគោជូរ) ដើម្បីជួយបន្ថយការរំលាយអាហារឱ្យកាន់តែយឺតជាងមុន។
ពេលវេលាដ៏ល្អបំផុតគឺការញ៉ាំផ្លែឈើ “ភ្លាមៗបន្ទាប់ពីអាហារចម្បង” ជាជាងការញ៉ាំនៅពេលពោះទទេ ព្រោះវត្តមានបន្លែ និងសាច់នៅក្នុងក្រពះនឹងជួយទប់ស្កាត់ការហក់ឡើងនៃជាតិស្ករក្នុងឈាម។ ជាចុងក្រោយ ទោះជាផ្លែឈើល្អយ៉ាងណាក៏ដោយ លោកអ្នកត្រូវគ្រប់គ្រងបរិមាណត្រឹមមួយក្ដាប់តូចក្នុងមួយពេល ដើម្បីធានាថាអ្នកទទួលបានវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មពេញលេញ ដោយមិនបន្សល់ទុកជាតិស្ករលើសសម្រាប់បង្កើតជាជាតិខ្លាញ់កកកុញតាមរាងកាយឡើយ៕