យោងតាមការផ្សាយពីប្រភពបរទេស ការឃើញគ្រាប់អង្ករ ឬបាយដែលនៅសល់ប្រែជាពណ៌ផ្កាឈូក ឬក្រហមព្រងៗ មិនមែនជារឿងចៃដន្យ ឬជាបញ្ហាគុណភាពអង្ករតាំងពីដំបូងឡើយ ប៉ុន្តែវាគឺជាសញ្ញាអាសន្ននៃការចម្លងមេរោគដ៏គ្រោះថ្នាក់។
បាតុភូតនេះបង្កឡើងដោយបាក់តេរីម្យ៉ាងឈ្មោះថា Serratia marcescens ដែលមានសមត្ថភាពផលិតសារធាតុពណ៌ម្យ៉ាងហៅថា Prodigiosin នៅពេលវាស្ថិតក្នុងមជ្ឈដ្ឋានដែលមានសំណើម និងសីតុណ្ហភាពអំណោយផល ដូចជាការទុកបាយចោលមួយយប់ដោយមិនបានគ្រប ឬទុកក្នុងអាងលាងចានដែលសើម។
ទោះបីជាមនុស្សជាច្រើនយល់ច្រឡំថាវាជាសំណល់ថ្នាំសម្លាប់សត្វល្អិត ប៉ុន្តែការពិតបាក់តេរីប្រភេទនេះរស់នៅតាមដី ទឹក និងកន្លែងសើមក្នុងផ្ទះបាយ។ ប្រសិនបើលោកអ្នកបរិភោគអង្ករ ឬបាយដែលមានសញ្ញាបែបនេះ វានឹងបង្កឱ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ដូចជាការក្អួតចង្អោរ និងការឆ្លងមេរោគក្នុងពោះវៀន ហើយក្នុងករណីធ្ងន់ធ្ងរ វាអាចប៉ះពាល់ដល់ផ្លូវដង្ហើម និងភ្នែកថែមទៀតផង។ ដូច្នេះ ប្រសិនបើឃើញសញ្ញានេះ លោកអ្នកត្រូវ បោះចោលអង្ករនោះភ្លាមៗ ដោយមិនត្រូវស្ដាយស្រណោះឡើយ។
ដើម្បីការពារសុខភាពគ្រួសារ លោកអ្នកគួរផ្លាស់ប្តូរទម្លាប់ដោយចម្អិនបាយក្នុងបរិមាណល្មមសម្រាប់តែមួយពេលៗ ចៀសវាងការទុកបាយសល់នៅសីតុណ្ហភាពខាងក្រៅយូរពេក ជាពិសេសក្នុងបរិយាកាសសើម។ ការសម្អាតផ្ទះបាយ និងអាងលាងចានឱ្យបានស្ងួតជានិច្ច ក៏ដូចជាការរក្សាទុកអង្ករក្នុងធុងបិទជិតនៅកន្លែងដែលគ្មានសំណើម គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីទប់ស្កាត់ការរីករាលដាលនៃបាក់តេរីចម្លែកនេះ និងធានាបាននូវសុវត្ថិភាពរាល់ពេលបរិភោគអាហារ៕