ជំងឺលើសឈាម ត្រូវបានគេប្រសិទ្ធនាមថាជា «ឃាតករលាក់មុខ» ព្រោះជាញឹកញាប់វាមិនបង្ហាញរោគសញ្ញាឱ្យយើងដឹងមុនឡើយ ទោះបីជាសម្ពាធឈាមឡើងដល់កម្រិតគ្រោះថ្នាក់ក៏ដោយ។ មនុស្សជាច្រើនរស់នៅជាមួយជំងឺនេះរាប់ឆ្នាំដោយមិនដឹងខ្លួន រហូតដល់វាបង្កជាបញ្ហាធ្ងន់ធ្ងរដល់សរីរាង្គ ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលសម្ពាធឈាមឡើងខ្លាំង អ្នកជំងឺអាចនឹងជួបប្រទះនូវរោគសញ្ញាមួយចំនួនដូចខាងក្រោម៖
១. រោគសញ្ញាទូទៅដែលគួរកត់សម្គាល់
-ឈឺក្បាលខ្លាំង៖ ជាពិសេសឈឺនៅត្រង់ជើងសក់ ឬផ្នែកខាងក្រោយក្បាល ភាគច្រើនកើតឡើងនៅពេលព្រឹកព្រលឹម។
-វិលមុខ និងស្រវាំងភ្នែក៖ មានអារម្មណ៍ថាវិលមុខ ឬមើលឃើញមិនច្បាស់ ដែលអាចប៉ះពាល់ដល់តុល្យភាពរាងកាយ។
-ហឹងត្រចៀក៖ ឮសំឡេងដូចសត្វល្អិតយំ ឬសំឡេងង៉ូវៗក្នុងត្រចៀក។
-ណែនទ្រូង ឬពិបាកដកដង្ហើម៖ មានអារម្មណ៍ថាតឹងណែនក្នុងទ្រូង និងឆាប់ហត់ខុសពីធម្មតា។
-ឈាមច្រមុះ៖ ទោះបីជាវាមិនសូវកើតមានញឹកញាប់ ប៉ុន្តែការឈាមច្រមុះដោយគ្មានមូលហេតុអាចជាសញ្ញានៃសម្ពាធឈាមឡើងខ្ពស់ខ្លាំង។
២. រោគសញ្ញាធ្ងន់ធ្ងរ (ត្រូវប្រញាប់ទៅមន្ទីរពេទ្យ)
ប្រសិនបើសម្ពាធឈាមឡើងខ្ពស់ខ្លាំង (Hypertensive Crisis) វាអាចបង្ហាញសញ្ញាអាសន្នដូចជា៖
-ចង្អោរ ឬក្អួត
-មានអារម្មណ៍ច្របូកច្របល់ ឬវង្វេងវង្វាន់
-ញ័រទ្រូង ឬបេះដូងលោតខុសចង្វាក់
-ស្ពឹក ឬខ្សោយសាច់ដុំ (ជាសញ្ញាព្រមាននៃជំងឺដាច់សរសៃឈាមខួរក្បាល)
៣. វិធីសាស្ត្រការពារ និងតាមដាន
ដោយសារជំងឺនេះមិនសូវបង្ហាញរោគសញ្ញា ការការពារដ៏ល្អបំផុតគឺ៖
-វាស់សម្ពាធឈាមឱ្យបានទៀងទាត់៖ នេះជាវិធីតែមួយគត់ដែលដឹងច្បាស់ថាអ្នកមានជំងឺលើសឈាមឬអត់។
-កាត់បន្ថយការញ៉ាំប្រៃ៖ អំបិលគឺជាសត្រូវចម្បងនៃសម្ពាធឈាម។
-ហាត់ប្រាណ និងគ្រប់គ្រងទម្ងន់៖ ជួយឱ្យសរសៃឈាមមានភាពយឺតល្អ និងបេះដូងរឹងមាំ។
-កាត់បន្ថយស្រ្តេស៖ ភាពតានតឹងក្នុងចិត្តធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ភ្លាមៗ។