យោងតាមការផ្សាយពីប្រភពបរទេស នៅថ្ងៃដែលមានមេឃស្រទុំ ឬមានខ្យល់រដូវវស្សាបក់មកត្រជាក់ៗ ការទទួលបានអាហារមួយចានដែលមានទាំងទឹកស៊ុបក្ដៅឧណ្ហៗ សាច់ និងបន្លែគ្រប់គ្រាន់ គឺជាក្ដីសុខបំផុតសម្រាប់ក្រុមគ្រួសារ។
មុខម្ហូប “មីសួសាច់ជ្រូកចិញ្ច្រាំ និងស៊ុត” មិនត្រឹមតែផ្ដល់នូវផាសុកភាពដល់ក្រពះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានពណ៌សោភណភាពស្រស់ស្អាតពីម្ទេសហាវ៉ៃ និងរសជាតិសម្រិតសម្រាំងដែលមិនចាញ់អាហារនៅភោជនីយដ្ឋានឡើយ។ គ្រឿងផ្សំដែលត្រូវត្រៀមរួមមាន មីសួស្ងួតមួយក្ដាប់ដៃដែលត្រាំទឹកឱ្យទន់ សាច់ជ្រូកចិញ្ច្រាំ ២០០ ក្រាម ស៊ុតមាន់ ៣ គ្រាប់ ព្រមទាំងម្ទេសហាវ៉ៃពណ៌បៃតង និងក្រហមដែលហាន់ល្អិតៗដើម្បីបន្ថែមពណ៌ និងរសជាតិ។
វិធីចម្អិនឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ ចាប់ផ្ដើមដោយការចៀនស៊ុតឱ្យឡើងពណ៌មាសទាំងសងខាង រួចកាត់ជាដុំតូចៗល្មមញ៉ាំនៅក្នុងខ្ទះនោះតែម្ដង បន្ទាប់មកដាក់ខ្ទឹមស និងម្ទេសហាវ៉ៃចូលឆាជាមួយស៊ុតឱ្យភាយក្លិនឈ្ងុយឡើងមក។ បន្ទាប់មកទៀត ចាក់ទឹកពុះចូលក្នុងខ្ទះ រួចផ្សំរសជាតិជាមួយទឹកស៊ីអ៊ីវ អំបិល និងទឹកស៊ុបមាន់ឱ្យល្មមតាមចំណូលចិត្ត រួចដាក់សាច់ជ្រូកចិញ្ច្រាំចូលដោយប្រើស្លាបព្រាសង្កត់វាឱ្យបែករាយស្មើគ្នាដើម្បីឱ្យជាតិផ្អែមរបស់សាច់ជ្រាបចូលក្នុងទឹកស៊ុប។
ជាដំណាក់កាលចុងក្រោយ ត្រូវដាក់មីសួដែលត្រាំទន់រួចចូលទៅក្នុងឆ្នាំង រួចចម្អិនលើភ្លើងខ្លាំងប្រហែល ៧ ទៅ ៨ នាទី ដើម្បីឱ្យសរសៃមីស្រូបយកជាតិទឹកស៊ុបដ៏សម្បូរបែបបានល្អ។ នៅពេលមីឆ្អិនទន់រលោង លោកអ្នកគ្រាន់តែរោយខ្ទឹមស្លឹកពីលើជាការស្រេច ហើយដើម្បីរក្សាកម្ដៅឱ្យបានយូរ ការដួសដាក់ក្នុងចានសេរ៉ាមិចគឺជាជម្រើសដ៏ល្អបំផុត។
រសជាតិហឹរតិចៗពីម្ទេសហាវ៉ៃ បូករួមនឹងសរសៃមីទន់ៗ និងទឹកស៊ុបផ្អែមឈ្ងុយពីសាច់ និងស៊ុត នឹងធ្វើឱ្យអាហារមួយពេលនេះក្លាយជាការចងចាំដ៏កក់ក្ដៅបំផុតសម្រាប់សមាជិកគ្រួសារគ្រប់រូប៕