យោងតាមការផ្សាយពីប្រភពបរទេស ការប្រើប្រាស់មីក្រូវ៉េវដើម្បីរលាយសាច់កក ជារឿយៗធ្វើឱ្យសាច់បាត់បង់សំណើម រឹង និងឆ្អិនគែមៗ ដែលធ្វើឱ្យរសជាតិម្ហូបថយចុះ។
ដើម្បីរក្សាគុណភាពសាច់ឱ្យនៅទន់ផ្អែម និងស្រស់ឆ្ងាញ់ អ្នកជំនាញចម្អិនអាហារបានណែនាំឱ្យប្រើប្រាស់គ្រឿងផ្សំសាមញ្ញបំផុតចំនួនពីរដែលមានក្នុងផ្ទះបាយគឺ អំបិល និងទឹកខ្មេះស។ វិធីសាស្ត្រនេះមិនត្រឹមតែចំណាយពេលតិចជាង ៥ នាទីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជម្រះក្លិនឆ្អាតដែលជាប់នឹងសាច់កកបានយ៉ាងមានប្រសិទ្ធភាពទៀតផង។
បច្ចេកទេសនេះមានភាពងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែរៀបចំទឹកត្រជាក់មួយចាន រួចបន្ថែមអំបិលបន្តិច និងទឹកខ្មេះសបន្តិចចូលទៅក្នុងនោះ រួចកូរឱ្យរលាយចូលគ្នា។ នៅពេលដាក់សាច់កកចូលទៅក្នុងល្បាយនេះ អំបិលនឹងជួយបញ្ចុះចំណុចកកនៃទឹកកកឱ្យរលាយបានលឿន ខណៈដែលអាស៊ីតអាសេទិកនៅក្នុងទឹកខ្មេះសដើរតួជាភ្នាក់ងារកម្ចាត់ក្លិនឆ្អាត និងជួយឱ្យសរសៃសាច់ទន់រលាយបានឆាប់រហ័ស។ លទ្ធផលដែលទទួលបានគឺសាច់ដែលមានពណ៌ផ្កាឈូកស្រស់ វាយនភាពយឺត និងរក្សាបាននូវភាពផ្អែមធម្មជាតិ ដូចជាសាច់ដែលទើបនឹងទិញពីផ្សារថ្មីៗយ៉ាងដូច្នោះដែរ។
បើប្រៀបធៀបទៅនឹងការត្រាំទឹកធម្មតាដែលត្រូវរង់ចាំដល់ទៅ ៣០-៤០ នាទី ឬការត្រាំទឹកក្ដៅដែលធ្វើឱ្យសាច់ឆ្អិនខាងក្រៅតែខាងក្នុងនៅកក វិធីសាស្ត្រប្រើអំបិល និងទឹកខ្មេះសនេះ គឺជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់មេផ្ទះដែលមមាញឹក។ លោកអ្នកមិនចាំបាច់បារម្ភថាទឹកខ្មេះធ្វើឱ្យសាច់ជូរនោះទេ ព្រោះបរិមាណដែលប្រើគឺតិចតួចបំផុត ហើយបន្ទាប់ពីរលាយរួច លោកអ្នកគ្រាន់តែលាងសម្អាតជាមួយទឹកស្អាតបន្តិច គឺអាចយកទៅចម្អិនជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់បានភ្លាមៗ៕