ការញ៉ាំអាហារពេលល្ងាច គឺជាចំណុចស្លាប់រស់សម្រាប់អ្នកដែលចង់រក្សារាង ឬបញ្ចុះទម្ងន់ ។ ប្រសិនបើអ្នកចេះតិចនិកញ៉ាំឱ្យបានត្រឹមត្រូវ អ្នកមិនត្រឹមតែមិនឡើងគីឡូទេ ថែមទាំងជួយឱ្យរាងកាយដុតរំលាយជាតិខ្លាញ់បានល្អនៅពេលយប់ទៀតផង។
ខាងក្រោមនេះ គឺជាតិចនិកមាសដែលអ្នកគួរអនុវត្ត៖
១. គោលការណ៍ពេលវេលា
-ញ៉ាំមុនពេលគេង ៣-៤ ម៉ោង ៖ ជៀសវាងការញ៉ាំហើយចូលគេងភ្លាម ។ ការទុកពេលឱ្យក្រពះរំលាយអាហារបានអស់មុនពេលសម្រាក ជួយការពារការសន្សំថាមពលទៅជាជាតិខ្លាញ់ និងការពារជំងឺច្រាលអាស៊ីតក្រពះ។
-កុំញ៉ាំយប់ជ្រៅ ៖ ក្រោយម៉ោង ៧ ឬ៨ យប់ ប្រព័ន្ធរំលាយអាហារចាប់ផ្តើមធ្វើការយឺត ដូច្នេះអាហារដែលញ៉ាំចូលទៅងាយនឹងបំប្លែងជាខ្លាញ់ក្បាលពោះខ្លាំងណាស់ ។
២. ជ្រើសរើសប្រភេទអាហារ (ញ៉ាំឱ្យត្រូវ)
-កាត់បន្ថយម្សៅ និងស្ករ (Carbs)៖ នៅពេលល្ងាច រាងកាយមិនត្រូវការថាមពលច្រើនសម្រាប់ធ្វើសកម្មភាពទេ ដូច្នេះគួរកាត់បន្ថយបាយ បាញ់ឌុក ឬនំបុ័ង ។ បើឃ្លានបាយ គួរញ៉ាំបាយសម្រូប ឬបាយតិចបំផុត ។
-បង្កើនបន្លែ និងប្រូតេអ៊ីន ៖ គួរញ៉ាំបន្លែឱ្យបានពាក់កណ្តាលចាន (ស្ងោរ ឬឆាប្រេងតិច) រួមជាមួយសាច់ដែលគ្មានខ្លាញ់ដូចជា ទ្រូងមាន់ ត្រី ឬស៊ុតស្ងោរ។ អាហារទាំងនេះធ្វើឱ្យឆាប់ឆ្អែត និងជួយជួសជុលសាច់ដុំ។
-ជៀសវាងអាហារខ្លាញ់ និងហឹរ ៖ អាហារបំពង អាហារដែលមានខ្ទិះដូងច្រើន និងអាហារហឹរខ្លាំង ធ្វើឱ្យហើមពោះ និងពិបាករំលាយ ។
៣. តិចនិកនៃការញ៉ាំ (ញ៉ាំឱ្យឆ្លាត)
-ផឹកទឹក ១ កែវមុនញ៉ាំបាយ ៖ ការផឹកទឹកមុនពេលញ៉ាំអាហារ ១៥-៣០ នាទីជួយឱ្យអ្នកឆាប់ឆ្អែត និងញ៉ាំអាហារបានតិចជាងមុន ។
-ទំពារឱ្យម៉ដ្ត និងយឺតៗ៖ ខួរក្បាលត្រូវការពេល២០ នាទី ដើម្បីទទួលសញ្ញាថាឆ្អែត។ បើអ្នកញ៉ាំលឿនពេក អ្នកនឹងញ៉ាំលើសកម្រិតដោយមិនដឹងខ្លួន ។
-ប្រើចានតូច៖ ការប្រើចានតូចជួយបោកបញ្ឆោតខួរក្បាលឱ្យមានអារម្មណ៍ថា អាហារដែលអ្នកញ៉ាំ គឺមានបរិមាណច្រើនរួចទៅហើយ ។
៤. កុំរំលងអាហារពេលល្ងាច
-មនុស្សភាគច្រើនយល់ថា ការអត់បាយល្ងាចជួយឱ្យស្គម ប៉ុន្តែការពិតវាធ្វើឱ្យជាតិស្ករក្នុងឈាមចុះទាប ដែលនាំឱ្យអ្នកញ៉ាំអាហារសម្រន់ច្រើនខុសធម្មតានៅពេលយប់ ឬញ៉ាំកាន់តែច្រើននៅពេលព្រឹក ។ វិធីដែលល្អគឺ ញ៉ាំតិច តែមានគុណភាព។
៥. ភេសជ្ជៈក្រោយអាហារ
-ក្រោយញ៉ាំល្ងាចហើយ បើឃ្លាន អ្នកអាចញ៉ាំ តែបៃតង (គ្មានស្ករ) ឬ ទឹកឧណ្ហៗលាយក្រូចឆ្មារ បន្តិច ដើម្បីជួយដុតរំលាយអាហារ និងបណ្ដេញជាតិពុល។