យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងឆ្ងល់ថា ហេតុអ្វីបានជាការញ៉ាំអាហារហឹរដូចគ្នា តែផ្ដល់លទ្ធផលខុសគ្នា?
អ្នកជំនាញផ្នែកក្រពះពោះវៀនបានពន្យល់ថា សារធាតុ Capsaicin នៅក្នុងម្ទេស គឺជាអ្នកបង្កការក្រហាយ និងរំញោចដល់ចលនាពោះវៀន។ អ្នកដែលរាក ឬឈឺពោះ គឺដោយសាររាងកាយមិនសូវស៊ាំនឹងកម្រិតហឹរ ឬមានបញ្ហាសុខភាពស្រាប់ដូចជា ដំបៅក្រពះ និងអាស៊ីតក្រពះ ដែលធ្វើឱ្យស្រទាប់ពោះវៀនងាយរងការរលាក។
ប៉ុន្តែដំណឹងល្អគឺ អ្នកអាច “ហ្វឹកហាត់” រាងកាយឱ្យស៊ាំនឹងភាពហឹរបាន! ប្រសិនបើអ្នកញ៉ាំហឹរជាប្រចាំ កោសិកាទទួលអារម្មណ៍ក្នុងបំពង់រំលាយអាហារនឹងចាប់ផ្ដើមសម្របខ្លួន ដែលធ្វើឱ្យអ្នកលែងសូវមានអារម្មណ៍ក្រហាយ ឬឈឺពោះដូចមុន។ ការញ៉ាំហឹរក្នុងកម្រិតសមល្មម ក៏ផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា ជួយឱ្យអាហារមានរសជាតិឆ្ងាញ់ ជួយដុតបំផ្លាញជាតិខ្លាញ់សម្រកទម្ងន់ កាត់បន្ថយការរលាកក្នុងរាងកាយ និងជួយការពារសុខភាពបេះដូងដោយការរំលាយកំណកឈាមក្នុងសរសៃឈាមទៀតផង៕