យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស តើអ្នកធ្លាប់ញ៉ាំអាហារសម្រន់អស់មួយថង់ទាំងមិនដឹងខ្លួន ឬចង់ញ៉ាំបង្អែមខ្លាំងពេលស្ត្រេសមែនទេ? នេះមិនមែនមកពីអ្នកខ្វះវិន័យទេ ប៉ុន្តែមកពីខួរក្បាលអ្នកកំពុងធ្លាក់ក្នុងវដ្ត “ញ៉ាំដើម្បីបំបាត់ស្ត្រេស”។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចសាកល្បងប្រើបច្ចេកទេសសាមញ្ញៗដែលផ្ដោតលើការគ្រប់គ្រងស្មារតី និងការយល់ដឹងពីសញ្ញារាងកាយ។
បច្ចេកទេសដំបូងគឺ “ច្បាប់ ១៥ នាទី” ដោយរង់ចាំ និងធ្វើកិច្ចការផ្សេងពេលចង់ញ៉ាំ ព្រោះខួរក្បាលត្រូវចំណាយពេលប្រហែល ២០ នាទី ទើបទទួលសញ្ញាថាឆ្អែតពីពោះវៀន។ បន្ទាប់មកគឺ “ការញ៉ាំដោយយកចិត្តទុកដាក់” ដោយផ្ដោតលើរសជាតិ ក្លិន និងការទំពារអាហារឱ្យបានល្អ ជាជាងការញ៉ាំបណ្ដើរមើលទូរស័ព្ទបណ្ដើរ។ បន្ថែមពីនេះ ការប្រើល្បិចបោកបញ្ឆោតភ្នែកដូចជា “ការប្រើចានតូច” ឬពណ៌ដែលកាត់បន្ថយចំណង់អាហារ (ដូចជាពណ៌ខៀវ) ក៏ជួយឱ្យខួរក្បាលមានអារម្មណ៍ថាអាហារនោះច្រើន និងពិសេសជាងមុនផងដែរ។
ចំណុចសំខាន់បំផុតគឺ “ការសួរខ្លួនឯងឱ្យច្បាស់” រាល់ពេលបើកទូរទឹកកកថា តើអ្នកពិតជាឃ្លានបាយ ឬគ្រាន់តែចង់ញ៉ាំអាហារសម្រន់ដើម្បីបំបាត់អារម្មណ៍មួម៉ៅ? ប្រសិនបើដឹងថាខ្លួនឯងស្ត្រេស ចូរ “បង្កើតរង្វាន់ថ្មីដែលមិនមែនជាអាហារ” ដូចជាការស្ដាប់តន្ត្រី ការជជែកជាមួយមិត្តភក្ដិ ឬការដើរលេងតិចតួច។
វិធីនេះនឹងជួយឱ្យខួរក្បាលបញ្ចេញសារធាតុរីករាយពីប្រភពផ្សេងជំនួសឱ្យជាតិស្ករ ដែលនាំឱ្យអ្នកមានសុខភាពល្អ និងរាងស្អាតដោយមិនបាច់បង្ខំចិត្តបង្អត់អាហារឡើយ៕