ជំងឺក្រពះ ឬដំបៅក្រពះ គឺជាបញ្ហាសុខភាពដែលបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង។ រោគសញ្ញានៃជំងឺនេះអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែមានសញ្ញាជួបញឹកញាប់មួយចំនួនដែលអ្នកអាចចំណាំបាន៖
១. រោគសញ្ញាទូទៅនៃជំងឺក្រពះ
-ឈឺចុក ឬឆ្អល់ចុងដង្ហើម៖ នេះគឺជាសញ្ញាចម្បងបំផុត។ អ្នកអាចមានអារម្មណ៍ថា រហល់រហាយ ឬឈឺក្រហាយនៅតំបន់ចុងដង្ហើម (ពោះផ្នែកខាងលើ)។
-ឈឺខ្លាំងនៅពេលឃ្លាន ឬឆ្អែតពេក៖ ចំពោះអ្នកមានដំបៅក្រពះ ការឈឺចាប់តែងតែកើតឡើងនៅពេលពោះទទេ ប៉ុន្តែពេលខ្លះការញ៉ាំអាហារចូលក៏អាចធ្វើឱ្យឈឺកាន់តែខ្លាំងដែរ។
-ភើមកជូរ ឬភើមានក្លិនអាហារ៖ បណ្តាលមកពីការលើសជាតិអាស៊ីត ឬក្រពះរំលាយអាហារមិនទាន់។
-ហើមពោះ ឬណែនពោះ៖ មានអារម្មណ៍ថាមានខ្យល់ច្រើនក្នុងពោះ ទោះបីជាញ៉ាំអាហារតិចតួចក៏ដោយ។
-ក្អួតចង្អោរ៖ មានអារម្មណ៍ចង់ក្អួតជានិច្ច ជាពិសេសនៅពេលព្រឹកព្រលឹម ឬក្រោយពេលញ៉ាំអាហាររួច។
២. សញ្ញាព្រមានថាដំបៅក្រពះឈានដល់កម្រិតធ្ងន់
ប្រសិនបើអ្នកមានសញ្ញាដូចខាងក្រោម នេះមានន័យថាដំបៅក្រពះអាចមានការហូរឈាម ឬធ្លាយ ដែលត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៖
–បត់ជើងធំមានពណ៌ខ្មៅ៖ នេះជាសញ្ញានៃការហូរឈាមក្នុងក្រពះ ឬពោះវៀន។
–ក្អួតមកមានឈាម៖ ឈាមអាចមានពណ៌ក្រហមស្រស់ ឬពណ៌ដូចកាកកាហ្វេ។
–ស្រកទម្ងន់ខុសធម្មតា៖ មិនចង់ញ៉ាំអាហារ និងស្រកគីឡូដោយគ្មានមូលហេតុ។
–ស្លេកស្លាំង និងអស់កម្លាំងខ្លាំង៖ បណ្តាលមកពីការបាត់បង់គ្រាប់ឈាមតិចៗក្នុងរយៈពេលយូរ។
៣. មូលហេតុចម្បងដែលបង្កឱ្យដំបៅក្រពះ
–បាក់តេរី H. pylori៖ ជាមេរោគម្យ៉ាងដែលរស់ក្នុងក្រពះ និងបំផ្លាញស្រទាប់ការពារក្រពះ។
–ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់៖ ការញ៉ាំថ្នាំដូចជា Aspirin ឬ Ibuprofen យូរពេក។
–ទម្លាប់រស់នៅ៖ ការញ៉ាំអាហារមិនទៀងពេល ញ៉ាំអាហារហឹរ/ជូរខ្លាំង ផឹកគ្រឿងស្រវឹង និងការជក់បារី។
–ភាពតានតឹង (Stress)៖ ការគិតច្រើន ឬស្ត្រេសខ្លាំង ធ្វើឱ្យក្រពះបញ្ចេញអាស៊ីតច្រើនជាងធម្មតា។