យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស មនុស្សភាគច្រើនតែងច្របាច់យកតែទឹកក្រូចឆ្មារ ហើយបោះសំបកចោល ប៉ុន្តែតាមពិតទៅសំបកក្រូចឆ្មារគឺជាឃ្លាំងផ្ទុកវីតាមីន C ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងសាច់របស់វាទៅទៀត។
សារធាតុពិសេសម្យ៉ាងឈ្មោះថា D-limonene នៅក្នុងសំបកក្រូចឆ្មារ មិនត្រឹមតែផ្ដល់ក្លិនក្រអូបឈ្ងុយប៉ុណ្ណោះទេ ប៉ុន្តែវាជាអាវុធដ៏ពូកែសម្រាប់ការពារសុខភាពមាត់ធ្មេញ ដោយជួយកម្ចាត់បាក់តេរីដែលបង្កឱ្យពុកធ្មេញ និងរលាកអញ្ចាញធ្មេញយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ វាក៏សម្បូរទៅដោយជាតិសរសៃដែលជួយបញ្ចុះជាតិស្ករក្នុងឈាម កាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងពង្រឹងសុខភាពបេះដូងឱ្យកាន់តែរឹងមាំ។
មិនត្រឹមតែប៉ុណ្ណោះ សំបកក្រូចឆ្មារមានសមត្ថភាពខ្ពស់ក្នុងការកម្ចាត់មេរោគ និងផ្សិតដែលស៊ាំនឹងថ្នាំ ព្រមទាំងជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យប្រឆាំងនឹងជំងឺផ្ដាសាយបានយ៉ាងរហ័ស។ អ្វីដែលកាន់តែអស្ចារ្យនោះ គឺសារធាតុចម្រាញ់ពីសំបកក្រូចឆ្មារត្រូវបានគេរកឃើញថាអាចជួយរំលាយក្រួសក្នុងប្រមាត់ដោយមិនបាច់វះកាត់ និងមានសក្តានុពលខ្ពស់ក្នុងការបង្ការកោសិកាមហារីក ជាពិសេសមហារីកក្រពះ។
ក្រៅពីអត្ថប្រយោជន៍សម្រាប់សុខភាពរាងកាយ លោកអ្នកក៏អាចយកសំបកក្រូចឆ្មារទៅប្រើប្រាស់ជាគ្រឿងសម្អាតក្នុងផ្ទះបាយ ឬច្នៃជាផលិតផលថែរក្សាសម្រស់បែបធម្មជាតិបានយ៉ាងសម្បូរបែបទៀតផង៕