យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស មនុស្សជាច្រើនតែងមានជំនឿតៗគ្នាថា ផ្លែគូលែនអាចបង្កផលប៉ះពាល់ដល់ថ្លើម និងធ្វើឱ្យសមត្ថភាពបន្សាបជាតិពុលក្នុងរាងកាយចុះខ្សោយ ប៉ុន្តែការពិតទៅ ផ្លែឈើប្រភេទនេះមិនបានបំផ្លាញថ្លើមដោយផ្ទាល់ដូចដែលការបារម្ភនោះឡើយ។
ផ្ទុយទៅវិញ ផ្លែគូលែនគឺជាប្រភពនៃជាតិទឹក ប្រូតេអ៊ីន និងជាតិសរសៃដ៏ល្អ ដែលជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការគ្រប់គ្រងទម្ងន់។ លើសពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដ៏សម្បូរបែបនៅក្នុងវា ថែមទាំងជួយឱ្យស្បែកស្រស់ថ្លា កាត់បន្ថយស្នាមអុជខ្មៅ និងពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែមាំមួនទៀតផង។
ទោះជាយ៉ាងណា ដោយសារផ្លែគូលែនមានកម្រិតជាតិស្ករខ្ពស់ ការទទួលទានច្រើនហួសប្រមាណអាចបណ្តាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ដែលនាំឱ្យកើតមានអាការៈដូចជា រមាស់ រោលកម្ដៅ និងឡើងមុនជាដើម។ ដើម្បីរក្សាសុខភាពឱ្យបានល្អ លោកអ្នកគួរទទួលទានក្នុងបរិមាណល្មមត្រឹម ៥ ទៅ ៦ ផ្លែក្នុងមួយថ្ងៃ ជាពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែម ស្ត្រីមានផ្ទៃពោះ និងកុមារ គឺត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបរិមាណដែលញ៉ាំ។
អ្វីដែលសំខាន់បំផុតនោះ គឺលោកអ្នកមិនគួរទទួលទានផ្លែគូលែននៅពេលពោះទទេឡើយ ដើម្បីចៀសវាងផលវិបាកដល់តុល្យភាពជាតិស្ករ និងសុខភាពក្រពះពោះវៀន៕