យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស កុំចាញ់បោក “ល្បិចផ្ទះបាយ” លើបណ្ដាញសង្គមដែលណែនាំឱ្យចាក់សាប៊ូបោកខោអាវក្នុងបង្គន់ដើម្បីឱ្យក្រអូប និងស។ ជាងទឹកជំនាញបានព្រមានយ៉ាងម៉ឺងម៉ាត់ថា សកម្មភាពនេះប្រៀបដូចជាការបំផ្លាញប្រព័ន្ធអនាម័យក្នុងផ្ទះដោយខ្លួនឯង ដោយសារហេតុផលគ្រោះថ្នាក់ដែលអ្នកនឹកស្មានមិនដល់។
ជាដំបូង សាប៊ូបោកខោអាវមានផ្ទុក “សារធាតុបំពេញ” ដែលរលាយបានតែក្នុងទឹកច្រើន និងមានការកូរខ្លាំង (ដូចក្នុងម៉ាស៊ីនបោកគក់) ប៉ុណ្ណោះ។ នៅពេលវាស្ថិតក្នុងបង្គន់ដែលមានទឹកតិច និងត្រជាក់ វានឹងក្លាយជាដុំល្បាប់រឹងដូចស៊ីម៉ងត៍ ទៅតោងជាប់តាមបំពង់រាងអក្សរ S បង្កឱ្យមានការស្ទះដែលពិបាកជួសជុលបំផុត។ លើសពីនេះ ជាតិគីមី និងអង់ស៊ីមខ្លាំងៗក្នុងសាប៊ូបោកខោអាវ នឹងទៅ សម្លាប់បាក់តេរីល្អៗ នៅក្នុងធុងស្អុយ ដែលមានតួនាទីរំលាយកាកសំណល់។ កាលណាគ្មានបាក់តេរីទាំងនេះទេ ធុងស្អុយរបស់អ្នកនឹងពេញលឿនខុសធម្មតា និងជះក្លិនអសោចពេញផ្ទះ។
ម្យ៉ាងទៀត ជាតិផូស្វាតក្នុងសាប៊ូអាចជំរុញឱ្យមានការដុះស្លែក្នុងប្រព័ន្ធចម្រោះទឹក បង្កជាស្លែក្រាស់រាំងខ្ទប់ផ្លូវទឹក ខណៈដែលពពុះច្រើនលើសលប់អាចបណ្ដាលឱ្យស្ទះខ្យល់ក្នុងបំពង់ ធ្វើឱ្យទឹកបង្គន់ហូរមិនចុះ ឬច្រាលឡើងវិញ។
ដើម្បីសុវត្ថិភាព លោកអ្នកគួរប្រើតែ ទឹកលាងបង្គន់ ដែលមានស្លាកសញ្ញាបញ្ជាក់ថាមានសុវត្ថិភាពសម្រាប់ធុងស្អុយ ឬប្រើវិធីធម្មជាតិដូចជា ម្សៅសូដាលាយជាមួយទឹកខ្មេះ ដើម្បីកម្ចាត់ស្នាមប្រឡាក់ដោយមិនប៉ះពាល់ដល់ប្រព័ន្ធលូ និងបរិស្ថាន៕