យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ទោះបីជាចេកសម្បូរទៅដោយប៉ូតាស្យូម វីតាមីន B និងជាតិសរសៃដែលជួយដល់ការបន្ទោបង់ក៏ដោយ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ផ្លែឈើប្រភេទនេះអាចបង្កជាផលវិបាកដល់សុខភាពទៅវិញ។
ក្រុមអ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ឬជំងឺពោះវៀនរំញោច គួរមានការប្រុងប្រយ័ត្ន ព្រោះជាតិស្ករ Fructose និង Sorbitol ក្នុងចេកអាចធ្វើឱ្យហើមពោះ ឈឺពោះ ឬរាករូស ប្រសិនបើទទួលទានច្រើនពេក។ ចំពោះអ្នកដែលមានជំងឺក្រពះ ការញ៉ាំចេកខ្ចីគឺជាបម្រាម ព្រោះវាមានជាតិ Pectin ខ្ពស់ដែលជំរុញឱ្យក្រពះបញ្ចេញអាស៊ីតកាន់តែច្រើន បង្កជាការឈឺចាប់ និងចុកឆ្អល់ខ្លាំង។ បន្ថែមពីនេះ អ្នកដែលរាងកាយមិនអាចស្រូបយកជាតិស្ករផ្លែឈើបានពេញលេញ ក៏អាចជួបអាការៈចង់ក្អួត និងរាគរូសភ្លាមៗក្រោយពេលញ៉ាំផងដែរ។
ចំណុចសំខាន់មួយទៀតដែលគ្រប់គ្នាគួរដឹង គឺការជៀសវាងញ៉ាំចេកនៅពេលពោះទទេ ឬញ៉ាំជំនួសអាហារពេលព្រឹក ព្រោះវាធ្វើឱ្យជាតិស្ករក្នុងឈាមហក់ឡើងខ្ពស់ដែលនាំឱ្យអស់កម្លាំង និងងងុយគេង។
ការញ៉ាំចេកពេលឃ្លានខ្លាំងក៏អាចប៉ះពាល់ដល់ក្រពះដោយសារកម្រិតម៉ាញ៉េស្យូម និងវីតាមីន C ខ្ពស់ពេក។ ពេលវេលាដែលល្អបំផុតសម្រាប់ការទទួលទាន គឺក្រោយពេលបាយពី ២០ ទៅ ៣០ នាទី ក្នុងបរិមាណសមរម្យត្រឹម ១ ទៅ ២ ផ្លែក្នុងមួយថ្ងៃ។
ការញ៉ាំចេកលាយជាមួយទឹកដោះគោជូរ ឬប៊ឺសណ្ដែកដី គឺជាជម្រើសដ៏ឆ្លាតវៃដើម្បីជួយសម្រួលដល់កម្រិតអាស៊ីតក្នុងក្រពះ និងរក្សាលំនឹងជាតិស្ករឱ្យមានស្ថិរភាព៕