យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស កាហ្វេអំបិលដែលកំពុងពេញនិយមខ្លាំងដោយសាររសជាតិប្លែកមាត់ អាចក្លាយជាសត្រូវចំពោះសុខភាព ប្រសិនបើលោកអ្នកទទួលទានវាជារៀងរាល់ថ្ងៃ។
ជាមធ្យម មនុស្សពេញវ័យម្នាក់ត្រូវការជាតិអំបិលមិនឱ្យលើសពី ៥ ក្រាម ក្នុងមួយថ្ងៃឡើយ ប៉ុន្តែការញ៉ាំកាហ្វេអំបិលលាយឡំជាមួយរបបអាហារប្រចាំថ្ងៃ អាចធ្វើឱ្យរាងកាយទទួលបានជាតិអំបិលលើសកម្រិតទ្វេដង។ ការញ៉ាំប្រៃហួសប្រមាណបែបនេះ គឺជាមូលហេតុចម្បងដែលនាំឱ្យឡើងសម្ពាធឈាម ប្រឈមនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺមហារីកក្រពះ និងជំងឺខ្សោយតម្រងនោម។
ក្រៅពីជាតិអំបិល គ្រឿងផ្សំដូចជា គ្រីម និងទឹកដោះគោខាប់ ក៏ផ្ដល់នូវកាឡូរីខ្ពស់ដែលងាយធ្វើឱ្យអ្នកឡើងទម្ងន់ផងដែរ។ ដើម្បីការពារសុខភាព អ្នកមិនគួរទទួលទានកាហ្វេអំបិលរាល់ថ្ងៃឡើយ ហើយប្រសិនបើថ្ងៃណាដែលអ្នកចង់ញ៉ាំ លោកអ្នកត្រូវតែកាត់បន្ថយជាតិប្រៃក្នុងអាហារផ្សេងៗដទៃទៀតឱ្យបានច្រើនបំផុត។ លើសពីនេះ គួរជៀសវាងការញ៉ាំវានៅពេលជិតចូលគេង ដើម្បីការពារបញ្ហាសម្រាន្តមិនលក់។
ការផ្លាស់ប្តូរមកញ៉ាំកាហ្វេខ្មៅ ឬកាត់បន្ថយបរិមាណអំបិលក្នុងភេសជ្ជៈ គឺជាជម្រើសដ៏ឆ្លាតវៃដើម្បីរក្សាតុល្យភាពសុខភាពរាងកាយរយៈពេលវែង៕