យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស អាហារពេលព្រឹកគឺជាប្រភពថាមពលដ៏សំខាន់ ប៉ុន្តែការញ៉ាំមិនបានត្រឹមត្រូវអាចផ្ដល់ផលអាក្រក់ដល់សុខភាពទៅវិញ។
កំហុសដំបូងដែលមនុស្សភាគច្រើនតែងធ្វើគឺ ការរំលងអាហារពេលព្រឹក ដែលវានាំឱ្យរាងកាយចុះខ្សោយប្រព័ន្ធមេតាប៉ូលីស ធ្វើឱ្យក្រពះឡើងជាតិអាស៊ីតខ្លាំង និងបង្កឱ្យអ្នកញ៉ាំច្រើនជ្រុលនៅពេលថ្ងៃត្រង់ ដែលនាំឱ្យធាត់ជ្រុល។ បន្ថែមពីនេះ ការញ៉ាំលឿនពេក ក៏ជាបញ្ហាដែរ ព្រោះវានាំឱ្យក្រពះត្រូវធ្វើការធ្ងន់ក្នុងការកិនអាហារ និងបង្កជាជំងឺច្រាលអាស៊ីតក្រពះ។
ពេលវេលានៃការញ៉ាំក៏សំខាន់មិនចាញ់មុខម្ហូបដែរ។ លោកអ្នកគួរ ចៀសវាងការញ៉ាំព្រលឹមពេក ឬយឺតពេក ដោយពេលវេលាដ៏ល្អបំផុតគឺចន្លោះពី ៣០ ទៅ ៦០ នាទីក្រោយពេលភ្ញាក់ពីគេង។ មួយវិញទៀត ការញ៉ាំអាហារត្រជាក់ៗ នៅពេលព្រឹកអាចធ្វើឱ្យចរន្តឈាមដើរយឺត និងពិបាករំលាយអាហារ ដូច្នេះការញ៉ាំអាហារក្ដៅឧណ្ហៗ និងការផឹកទឹកក្ដៅមួយកែវមុនញ៉ាំអាហារ គឺជាជម្រើសដ៏ប្រសើរដើម្បីបន្សាបជាតិពុល។
កំហុសឆ្គងពីរបញ្ចប់ គឺ ការផឹកកាហ្វេមុនញ៉ាំអាហារ ដែលវាធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ និងបាត់បង់ចំណង់អាហារ និង ការមិនខ្វល់ពីជីវជាតិ ដោយជ្រើសរើសអាហាររហ័សដែលមានជាតិស្ករ ឬខ្លាញ់ឆ្អែតខ្ពស់។ អាហារពេលព្រឹកដ៏ល្អគួរផ្ដល់ថាមពលពី ៣០០ ទៅ ៥០០ កាឡូរី និងមានជីវជាតិគ្រប់ ៤ ក្រុម (កាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ល្អ និងវីតាមីន) ដើម្បីធានាថាអ្នកមានកម្លាំងពេញលេញ និងមានស្មារតីផ្ដោតអារម្មណ៍បានល្អពេញមួយថ្ងៃ៕