យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការឱ្យកុមារញ៉ាំមីកញ្ចប់ជាប្រចាំ ជាពិសេសនៅពេលព្រឹក គឺជាហានិភ័យខ្ពស់ដែលនាំឱ្យខ្វះអាហារូបត្ថម្ភ បើទោះបីជាក្មេងមើលទៅមានសាច់ឈាមមាំមួន ឬធាត់ក៏ដោយ។
មីកញ្ចប់សម្បូរទៅដោយកាបូអ៊ីដ្រាត និងខ្លាញ់ឆ្អែត ប៉ុន្តែវាស្ទើរតែគ្មានជាតិប្រូតេអ៊ីន ជាតិសរសៃ វីតាមីន និងជាតិខនិជដែលចាំបាច់សម្រាប់ការលូតលាស់ឡើយ។ ស្ថានភាពនេះនាំឱ្យកុមារជួបបញ្ហា “ស្គមក្នុង” ឬកង្វះមីក្រូសារធាតុ ដែលធ្វើឱ្យសាច់ដុំខ្សោយ និងខ្វះជាតិដែក ឬស័ង្កសី បើទោះបីជាគីឡូរបស់ពួកគេកើនឡើងលើសកម្រិតក៏ដោយ។
លើសពីកង្វះជីវជាតិ គ្រឿងផ្សំក្នុងមីកញ្ចប់ដូចជា អំបិលច្រើនលើសលប់ ល័ក្ខពណ៌ និងខ្លាញ់ដូង (Palm oil) សុទ្ធតែជាសត្រូវចំពោះសុខភាពកុមារ។ ខ្លាញ់ឆ្អែតក្នុងមីអាចបង្កើនហានិភ័យនៃជំងឺបេះដូង និងបញ្ហាមេតាប៉ូលីសតាំងពីវ័យក្មេង។ ដើម្បីធានាបាននូវការលូតលាស់ដ៏ល្អប្រសើរ លោកអ្នកគួរផ្លាស់ប្តូរមកផ្ដល់អាហារដែលមានប្រភពចម្រុះដូចជា បន្លែ ត្រី សាច់ និងគ្រាប់ធញ្ញជាតិ។
ប្រសិនបើជៀសមិនរួចក្នុងការញ៉ាំមី លោកអ្នកត្រូវតែបន្ថែមសាច់ ស៊ុត និងបន្លែឱ្យបានច្រើន ដើម្បីជួយបំពេញចន្លោះប្រហោងនៃជីវជាតិដែលខ្វះខាត និងការពារកូនៗពីបញ្ហាអាហារូបត្ថម្ភរយៈពេលវែង៕