យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស អយស្ទ័រគឺជា «កំពូលអាហារ» ដែលសម្បូរទៅដោយវីតាមីន អាស៊ីតខ្លាញ់អូមេហ្គា-៣ និងជាពិសេសគឺជាតិស័ង្កសី (Zinc) ដែលមានកម្រិតខ្ពស់ជាងអាហារផ្សេងៗពី ៦ ទៅ ១០ ដង។
ជាតិស័ង្កសីនេះដើរតួយ៉ាងសំខាន់សម្រាប់ប្រព័ន្ធបន្តពូជបុរស ជួយតុល្យភាពអ័រម៉ូនតេស្តូស្តេរ៉ូន និងបង្កើនគុណភាពមេជីវិត។ ទោះបីជាមានជំនឿថាការញ៉ាំឆៅផ្ដល់ជីវជាតិច្រើនជាងក៏ដោយ ប៉ុន្តែតាមការពិតទៅ ការញ៉ាំឆ្អិនមិនបានធ្វើឱ្យបាត់បង់សារធាតុចិញ្ចឹមគួរឱ្យកត់សម្គាល់នោះទេ ហើយថែមទាំងជាជម្រើសដែលមានសុវត្ថិភាពបំផុតទៀតផង។
ដោយសារអយស្ទ័ររស់នៅបាតសមុទ្រ វាមានហានិភ័យខ្ពស់ក្នុងការផ្ទុកបាក់តេរី និងមេរោគពីបរិស្ថានកខ្វក់។ ការញ៉ាំឆៅអាចបណ្ដាលឱ្យពុលអាហារ ឬឆ្លងមេរោគធ្ងន់ធ្ងរចូលក្នុងរាងកាយ។ មុននឹងយកមកចម្អិន លោកអ្នកគួរត្រាំវាក្នុងទឹកស្អាត ឬទឹកអំបិលប្រហែល ៣ ម៉ោងដើម្បីជម្រះភាពកខ្វក់ និងភក់ចេញ។ លើសពីនេះ ការញ៉ាំអយស្ទ័រច្រើនហួសប្រមាណក៏មិនល្អដែរ ព្រោះវាអាចបណ្ដាលឱ្យលើសជាតិស័ង្កសី ដែលបង្កឱ្យមានអាការៈចង់ក្អួត ឈឺពោះ រាកនិងធ្វើឱ្យចុះខ្សោយប្រព័ន្ធការពាររាងកាយ។ ចំណែកឯជាតិកូឡេស្តេរ៉ុលខ្ពស់នៅក្នុងវា ក៏អាចបង្កើនហានិភ័យជំងឺបេះដូង និងលើសឈាមផងដែរ ប្រសិនបើញ៉ាំញឹកញាប់ពេក។
សរុបមក ការញ៉ាំអយស្ទ័រដែលចម្អិនឆ្អិនល្អ គឺជាជម្រើសដ៏វៃឆ្លាតបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពពេញលេញដោយមិនចាំបាច់ប្រឈមនឹងគ្រោះថ្នាក់មេរោគ៕