យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ពិធីបុណ្យចូលឆ្នាំចិនគឺជាពេលវេលានៃការជួបជុំបងប្អូន និងការទទួលទានអាហារឆ្ងាញ់ៗដែលសម្បូរទៅដោយអត្ថន័យមង្គល ប៉ុន្តែអាហារទាំងនោះភាគច្រើនមានជាតិខ្លាញ់ និងកាឡូរីខ្ពស់ដែលលោកអ្នកគួរមានការប្រុងប្រយ័ត្ន។
ប្រសិនបើពិនិត្យលើបរិមាណថាមពល លោកអ្នកនឹងឃើញថាមាន់ស្ងោរមួយក្បាលអាចមានរហូតដល់ ២,១៦៩ គីឡូកាឡូរី ខណៈដែលមីឆាត្រឹម ១០០ ក្រាម ក៏ផ្ដល់ថាមពលដល់ទៅ ៣២៦ គីឡូកាឡូរីទៅហើយ ចំណែកឯនំមង្គលផ្សេងៗដូចជានំគ្រាប់បែក ឬនំប៉ាវ ក៏សុទ្ធតែមានកាឡូរីចន្លោះពី ១១៥ ទៅ ២០០ ក្នុងមួយដុំ។ ជម្រើសដែលល្អបំផុតសម្រាប់សុខភាពគឺផ្លែក្រូចឃ្វិចដែលផ្ដលត្រឹម ៥៦ គីឡូកាឡូរីប៉ុណ្ណោះ ដូច្នេះការដឹងពីបរិមាណទាំងនេះនឹងជួយឱ្យលោកអ្នកអាចគ្រប់គ្រងការញ៉ាំបានកាន់តែឈ្លាសវៃ។
ដើម្បីរក្សារាងឱ្យនៅតែស្អាត និងសុខភាពមាំមួន លោកអ្នកគួរអនុវត្តតាមតិកនិកសាមញ្ញៗមួយចំនួនដូចជាការញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់ខ្លះមុនពេលចេញទៅក្រៅ ដើម្បីការពារការញ៉ាំច្រើនហួសកម្រិតនៅកន្លែងជប់លៀង និងគួរជ្រើសរើសអាហារស្រស់ៗដូចជាសាច់គ្មានខ្លាញ់ ឬបកស្បែកចេញជំនួសឱ្យអាហារកែច្នៃដែលមានជាតិសូដ្យូមខ្ពស់។ ការប្រើប្រាស់ចានតូចៗសម្រាប់ដាក់អាហារនឹងជួយឱ្យអ្នកមានអារម្មណ៍ថាបានញ៉ាំច្រើន ខណៈដែលការពិតអ្នកញ៉ាំក្នុងបរិមាណតិចតួចប៉ុណ្ណោះ ហើយការជ្រើសរើសផឹកទឹកធម្មតាជំនួសឱ្យភេសជ្ជៈផ្អែម ក៏ជាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយជាតិស្ករលើស។
ជាចុងក្រោយ ការញ៉ាំយឺតៗមិនត្រឹមតែជួយដល់ប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទុកពេលឱ្យខួរក្បាលបញ្ជូនសញ្ញាថាឆ្អែត ដែលអាចការពារការលើសកាឡូរីក្រោយបញ្ចប់ពិធីបុណ្យបានយ៉ាងមានប្រសិទ្ធភាព៕