យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស មនុស្សជាច្រើនតែងតែយល់ច្រឡំថា ដំឡូងជ្វា និងដំឡូងបារាំង ជាបងប្អូនត្រកូលតែមួយ ប៉ុន្តែតាមពិតពួកវាមានប្រភពរុក្ខសាស្ត្រខុសគ្នាស្រឡាំងកាំង។
ដំឡូងជ្វាស្ថិតក្នុងត្រកូលតែមួយជាមួយស្ពៃខ្មៅទឹក ខណៈដំឡូងបារាំងស្ថិតក្នុងត្រកូលប៉េងប៉ោះ និងម្ទេស។ ភាពខុសគ្នានេះនាំឱ្យសារធាតុចិញ្ចឹមរបស់ពួកវាមានលក្ខណៈពិសេសរៀងៗខ្លួន។
តាមទិន្នន័យអាហារូបត្ថម្ភ ដំឡូងជ្វាឈ្នះលើផ្នែកជាតិសរសៃ និងវីតាមីន A ដែលជួយដល់ភ្នែក និងប្រព័ន្ធស៊ាំ។ ចំណែកឯដំឡូងបារាំងវិញ បើទោះជាសម្បូរជាតិម្សៅ ប៉ុន្តែវាមានកាឡូរីទាបជាងបន្តិច មានប្រូតេអ៊ីនខ្ពស់ជាង និងជាប្រភពដ៏អស្ចារ្យនៃប៉ូតាស្យូម និងវីតាមីន C។
ចំណុចដែលគួរប្រយ័ត្នបំផុតគឺ “វិធីចម្អិន” ដែលជះឥទ្ធិពលលើសន្ទស្សន៍ជាតិស្ករ(GI)។ ការស្ងោរ ឬចំហុយ ធ្វើឱ្យដំឡូងជ្វាមានកម្រិត GI ទាប (ល្អសម្រាប់អ្នកចង់សម្រកទម្ងន់) ប៉ុន្តែប្រសិនបើអ្នកយកវាទៅដុត កម្រិតជាតិស្ករក្នុងដំឡូងជ្វានឹងហក់ឡើងខ្ពស់ខ្លាំងលើសដំឡូងបារាំងទៅទៀត។
ជាសរុបមក អាហារទាំងពីរប្រភេទសុទ្ធតែមានអត្ថប្រយោជន៍ដូចគ្នា។ ប្រសិនបើអ្នកចង់បានជាតិសរសៃ និងវីតាមីន A ចូរជ្រើសរើសដំឡូងជ្វា។ ប្រសិនបើអ្នកចង់បានប៉ូតាស្យូមក្នុងតម្លៃសមរម្យ ដំឡូងបារាំងគឺជាជម្រើសដ៏ល្អ។
គន្លឹះសំខាន់ដើម្បីសុខភាព គឺត្រូវចៀសវាងការចៀន ការបន្ថែមប៊ឺ ឬឈីសច្រើនហួសហេតុ និងគួរទទួលទានទាំងសំបកដើម្បីទទួលបានជាតិសរសៃពេញលេញ៕