យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការរួមភេទមិនមែនជារឿងអាម៉ាស់ ឬជារឿងខុសឆ្គងដែលត្រូវបិទបាំងនោះទេ ព្រោះវាជាផ្នែកមួយនៃធម្មជាតិរបស់មនុស្សដែលកើតចេញពីក្ដីស្រឡាញ់។
ទោះជាយ៉ាងណាក៏ដោយ វានឹងក្លាយជារឿង “ខុស” ប្រសិនបើវាត្រូវបានធ្វើឡើងក្នុងស្ថានភាពដែលបុគ្គលម្នាក់ៗមិនទាន់មានការត្រៀមខ្លួនច្បាស់លាស់ ទាំងចំណេះដឹងផ្នែកសុខភាព និងការយល់ដឹងពីផលវិបាកដែលអាចកើតមាននៅថ្ងៃអនាគត។ ការសម្រេចចិត្តដែលមានសុវត្ថិភាពត្រូវតែផ្អែកលើការយល់ដឹងអំពីវិធីបង្ការជំងឺកាមរោគ និងការប្រើប្រាស់មធ្យោបាយពន្យារកំណើតឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការមានផ្ទៃពោះដោយអចេតនា ដែលអាចប៉ះពាល់ដល់អនាគត និងសេចក្ដីសុខរបស់ក្រុមគ្រួសារ។
លើសពីចំណេះដឹងបច្ចេកទេស ភាពចាស់ទុំក្នុងការទទួលខុសត្រូវលើទង្វើរបស់ខ្លួនឯងគឺជាកត្តាចម្បងបំផុត។ ការរួមភេទដែលល្អត្រឹមត្រូវ ត្រូវតែធ្វើឡើងដោយមានការយល់ព្រម និងស្ម័គ្រចិត្តពីភាគីទាំងសងខាង មិនមែនជាការបង្ខិតបង្ខំ ឬការធ្វើតាមអារម្មណ៍មួយឆាវក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគ្រឿងញៀនឡើយ។ ការប្រកាន់ខ្ជាប់នូវសតិសម្បជញ្ញៈ និងការគិតគូរឱ្យបានដិតដល់ពីតម្លៃនៃសីលធម៌ គឺជាការផ្ដល់កិត្តិយសដល់ខ្លួនឯង និងដៃគូ។
ដូច្នេះ ប្រសិនបើអ្នកមានទំនុកចិត្តលើភាពចាស់ទុំ និងមានការការពារត្រឹមត្រូវ នោះការបង្ហាញក្ដីស្រឡាញ់របស់អ្នកនឹងក្លាយជាអនុស្សាវរីយ៍ដ៏ពិសេស និងពោរពេញដោយអត្ថន័យសម្រាប់ថ្ងៃបុណ្យនៃក្ដីស្រឡាញ់៕