យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ផ្លែទទឹមគឺជាកំពូលឱសថធម្មជាតិដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C, B6 និងម៉ាញ៉េស្យូម ដែលជួយការពារបេះដូង និងកាត់បន្ថយការរលាកក្នុងរាងកាយយ៉ាងពូកែ។
ទោះជាយ៉ាងណា ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានពេញលេញ និងមានសុវត្ថិភាព លោកអ្នកត្រូវចៀសវាងការទទួលទានសំបករបស់វា ព្រោះសំបកទទឹមមានសភាពរឹង និងល្វីងខ្លាំងដែលមិនអាចបរិភោគបានឡើយ ដោយអ្នកគួរផ្ដោតតែលើការញ៉ាំគ្រាប់ទទឹមដែលមានជាតិទឹកផ្អែមត្រជាក់វិញ។ កំហុសមួយទៀតដែលគួរប្រុងប្រយ័ត្នគឺការញ៉ាំច្រើនហួសប្រមាណ ព្រោះទោះបីជាវាសម្បូរជាតិសរសៃក៏ដោយ តែការញ៉ាំច្រើនពេកអាចបណ្ដាលឱ្យពិបាករំលាយអាហារ ឬបង្កជាការស្ទះពោះវៀន ជាពិសេសចំពោះអ្នកដែលមានបញ្ហាទល់លាមករ៉ាំរ៉ៃ ដូច្នេះបរិមាណដែលសមស្របបំផុតគឺត្រឹមតែកន្លះពែងក្នុងមួយពេលប៉ុណ្ណោះ។
ជាចុងក្រោយ លោកអ្នកមិនគួររំលងរោគសញ្ញាអាឡែស៊ីនោះទេ ទោះបីជាវាជារឿងកម្រកើតឡើងក៏ដោយ។ ប្រសិនបើអ្នកជួបប្រទះការហើម រមាស់ ឬពិបាកដកដង្ហើមបន្ទាប់ពីញ៉ាំរួច អ្នកត្រូវបញ្ឈប់ការញ៉ាំភ្លាមៗ និងប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
ការយល់ដឹងពីរបៀបទទួលទានឱ្យបានត្រឹមត្រូវ នឹងជួយឱ្យផ្លែទទឹមដើរតួជាអ្នកបណ្ដេញជាតិពុល និងពង្រឹងសុខភាពរាងកាយរបស់អ្នកបានយ៉ាងអស្ចារ្យ។ អ្នកអាចជ្រើសរើសការញ៉ាំគ្រាប់ស្រស់ ឬធ្វើជាទឹកផ្លែឈើដើម្បីបន្ថែមភាពស្រស់ស្រាយ និងភាពរឹងមាំដល់សុខភាពប្រចាំថ្ងៃ៕