យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការសម្រកទម្ងន់ និងបង្កើនសាច់ដុំប្រកបដោយប្រសិទ្ធភាព គឺអាស្រ័យលើការជ្រើសរើសអាហារដែលមានប្រូតេអ៊ីនខ្ពស់ និងកាឡូរីទាប។
ក្នុងនោះ ទ្រូងមាន់ និងសាច់ភ្លៅបកស្បែក ឈរនៅលំដាប់កំពូលគេក្នុងការផ្ដល់ជាតិប្រូតេអ៊ីនយ៉ាងសន្ធឹកសន្ធាប់ដើម្បីស្ដារសាច់ដុំ និងការពារជំងឺពុកឆ្អឹង។ បន្ថែមពីនេះ ត្រីសាម៉ុង និងបង្គា គឺជាប្រភពនៃអាស៊ីតខ្លាញ់ Omega-3 និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយការរលាក ពង្រឹងសុខភាពបេះដូង និងបង្កើនប្រព័ន្ធភាពស៊ាំឱ្យកាន់តែមាំមួន។ ចំពោះអ្នកដែលមិនសូវទទួលទានសាច់ តៅហ៊ូ គឺជាជម្រើសដ៏វិសេសដែលជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងទ្រទ្រង់មុខងារខួរក្បាលឱ្យដំណើរការបានយ៉ាងល្អប្រសើរ។
ជាចុងក្រោយ យ៉ាអួក្រិកគ្មានជាតិខ្លាញ់ គឺជាអាហារសម្រន់ដ៏ឆ្លាតវៃបំផុតដែលផ្តល់កាឡូរីទាប តែសម្បូរទៅដោយ Probiotics ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងជំរុញប្រព័ន្ធមេតាប៉ូលីសឱ្យដុតបំផ្លាញថាមពលបានរហ័ស។ ការទទួលទានអាហារទាំងនេះមិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងរក្សារាងឱ្យស្លីមស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាសម្ពាធឈាមឱ្យមានស្ថិរភាព និងកាត់បន្ថយភាពតានតឹងផ្នែកផ្លូវចិត្តផងដែរ ដែលជាគន្លឹះនៃសុខភាពល្អទាំងរាងកាយ និងស្មារតី៕